ដំណើរការផលិតអំបិលក្នុងខេត្តកំពត នៅបន្ដដំណើរការទៅមុខ បេីទោះបីជាមានការលំបាកមួយចំនួនក៏ដោយ
ភ្នំពេញ៖ លោក ភូ លិ អភិបាលរងខេត្តកំពត បានអះអាងថា ដំណើរការផលិតអំបិលក្នុងខេត្តកំពត នៅតែបន្ដដំណើរការទៅមុខដូចធម្មតា បើទោះបីកន្លងទៅ មានជួបការលំបាកមួយចំនួនដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ និងដើមទុនសម្រាប់ធ្វើអាជីវកម្មជាដេីម។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពត» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៨ ឧសភានេះ លោក ភូ លិ បានបញ្ជាក់ថា ជាមោទនភាពសម្រាប់ខេត្តកំពត គឺជាកន្លែងផលិតអំបិល ហើយដែលបានចែកចាយជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ដែលជាអំបិលមានគុណភាពល្អ។
សម្រាប់លោក ភូ លិ កន្លងមកពេលដែលសហគមន៍អំបិលកើតឡើង សហគមន៍អំបិលក៏មានការព្រួយបារម្ភថា ពេលដែលផលិតបានទៅច្រើន យើងពិបាករកទីផ្សារ ប៉ុន្ដែកន្លងទៅមកដោយសារតែបម្រែបម្រួលអាកាសធាតុផង, វិបត្តិផលទុនផង ធ្វើឲ្យអ្នកផលិតអំបិលមានការលំបាកបន្ដិច។
ពាក់ព័ន្ធនឹងបញ្ហាអំបិលនេះដែរ បច្ចុប្បន្នថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយគណៈអភិបាលខេត្តកំពត កំពុងខិតខំធ្វើយ៉ាងរឹតត្បិតអំបិល ដែលមានសារធាតុគីមី នាំចូលមកពីប្រទេសជិតខាងយកមកចែកចាយក្នុងប្រទេសកម្ពុជា។ នេះបេីតាមការបញ្ជាក់របស់លោក ភូ លិ។
សូមជម្រាបជូនថា រយៈពេល៤ខែ ឆ្នាំ២០២០នេះ ការផលិតអំបិលនៅក្នុងខេត្តកំពត បានចំនួន ២៧,៧៧៥តោន ក្នុងនោះបានផ្គត់ផ្គង់ទៅលើទីផ្សារ ចំនួន ១២,៣៣២តោន៕
សំរិត