រកឃើញចម្លាក់អណ្តើកមួយបន្ថែមទៀត នៅការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់
សៀមរាប៖
នៅរសៀលថ្ងៃទី៨ខែឧសភាឆ្នាំ២០២០ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់អណ្តើកចំនួន១បន្ថែមទៀតដែលមានទំហំតូចជាងមុនបន្តិចរួមនឹងត្រីសូល៍ចំនួន២ដែល១មានរូបពេញលេញនិងមួយទៀតមានត្រឹមមួយបំណែក។
នៅជិតក្បាលចម្លាក់អណ្តើកក្រុមការងារក៏បានប្រទះឃើញគ្រាប់ខ្វាតព៌ណស(គ្រីស្តាល់?)បង្កប់ក្នុងដីនៅទីនោះដែរ។សូមបញ្ជាក់ថាគ្រាប់ខ្វាតព៌ណស(គ្រីស្តាល់?)នេះត្រូវបានមជ្ឍដ្ឋានមួយចំនួនយល់ច្រឡំថាជាគ្រាប់ពេជ្រឬជារបស់មានតម្លៃផ្សេងប៉ុន្តែគ្រាប់ខ្វាតព៌ណស(គ្រីស្តាល់?)នេះគឺត្រូវបានរកឃើញភាគច្រើននៅក្នុងរណ្តៅកំណាយស្រាវជ្រាវនៃការដ្ឋានជួសជុលនានា។
សូមរំលឹកកាលពីថ្ងៃទី៦ខែឧសភាឆ្នាំ២០២០បានប្រទះឃើញចម្លាក់អណ្តើកចំនួន១និងថ្ងៃទី៤ខែឧសភាឆ្នាំ២០២០បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទគឺចម្លាក់នាគខ្វាតពណ៌ស(គ្រីស្តាល់?) និងត្រីសូល៍។ក្នុងនោះដែរក្រុមការងារក៏បានរកឃើញរចនាសម្ព័ន្ធសំណង់ឈើនៅលើខឿនប្រាសាទផងដែរ៕