កងរាជអាវុធហត្ថ កំពុងធ្វើពាក្យប្តឹងទៅក្រសួងព័ត៌មាន និងតុលាការ ឱ្យចាត់ការទៅតាមច្បាប់ ចំពោះបុគ្គល និងបណ្តាញព័ត៌មាន ដែលចុះផ្សាយបំផ្លើស ញុះញង់
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា បានឃើញ គេហទំព័រ ព័ត៌មានដើមរាំង ចុះផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ថា “ពលរដ្ឋប្រតិកម្មថា PM ស្រុកពារាំង! ចុះប្លន់អ្នកលេងល្បែង ចាប់ក្រៀកខ្វេះយកលុយរាប់ពាន់ដុល្លារ ចែកគ្នាចាយម៉ត់!”។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណជនជ្រាបថា យើងខ្ញុំកំពុងធ្វើការត្រួតពិនិត្យរឿងហេតុខាងលើនេះ ឱ្យបានច្បាស់។ ក្រោយពីការត្រួតពិនិត្យចប់ កងរាជអាវុធហត្ថ នឹងធ្វើសេចក្តីប្រកាសព័ត៌មានជូនជ្រាប។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ កងរាជអាវុធហត្ថ បានធ្វើការប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបអំពីការចុះផ្សាយរបស់បណ្តាញសារព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងការបង្ក្រាប ទីតាំងជល់មាន់នៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា យោងតាមរបាយការណ៍ និងការត្រួតពិនិត្យរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជាក់ថា លោកវរសេនីយ៍ត្រី ហាស់ ហ៊ាង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង និងលោកអនុសេនីយ៍ទោ ឃឹម ប្រុស មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង ព្រមទាំងកម្លាំងដែលចុះប្រតិបត្តិការនោះ មិនបានក្រៀកលូកហោប៉ៅខ្វេះយកលុយ ហើយក៏មិនបានយកលុយពីម្ចាស់ម៉ូតូផងដែរ។
កងរាជអាវុធហត្ថ បាននិងកំពុងធ្វើពាក្យបណ្តឹង ប្តឹងទៅក្រសួងព័ត៌មាន និងតុលាការមានសមត្ថកិច្ច ឱ្យចាត់ការទៅតាមច្បាប់ ចំពោះបុគ្គល និងបណ្តាញព័ត៌មាន ដែលចុះផ្សាយបំផ្លើស ញុះញង់ មានចរិតបំបែកបំបាក់សាមគ្គីផ្ទៃក្នុងកងរាជអាវុធហត្ថ។ យើងខ្ញុំ រងចាំទទួលនូវភស្តុតាងពាក់ព័ន្ធនឹងករណីនេះគ្រប់ពេល៕