ការផ្សព្វផ្សាយឬចែកចាយ ព័ត៌មានក្លែងក្លាយបំភ័ន្តសាធារណជន បង្កឱ្យមានភាពចលាចលដល់សង្គម ពាក់ព័ន្ធការចែកចាយ ខ្លឹមសារឃ្លីបវីដេអូចាស់របស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមាន ម្ចាស់គណនីបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បាននិងកំពុងចែកចាយ ខ្លឹមសារឃ្លីបវីដេអូចាស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីប្រមាណ ០៤ឆ្នាំមុន ទាក់ទងនឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក មកបំភ័ន្តឱ្យមានការយល់ច្រឡំថា ជាការណែនាំថ្មីរបស់អគ្គស្នងការនគរបាលជាតិ។
អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ សូមធ្វើការបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានក្នុងបណ្តាណសង្គម ដែលបាន សរសេរថា នគរបាលចរាចរណ៍នឹងផ្អាកការត្រួតពិនិត្យឯកសារយានយន្ត។
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ថា ព័ត៌មាននេះ គឺជាព័ត៌មានមិនពិត និងបំភ្លើស ដែលបានយកព័ត៌មានចាស់យកមកផ្សព្វផ្សាយ ពាក់ព័ន្ធនឹងនគរបាលចរាចរណ៍ នឹងផ្អាកការត្រួតពិនិត្យឯកសារយានយន្ត ដែលព័ត៌មាននេះ តាំងពីខែមករា ឆ្នាំ២០១៦ មកម្លេះ។ ដោយឡែកព័ត៌មានដែលសរសេរថា អគ្គស្នងការនគរបាលជាតិប្រកាស លើកពេលផាកពិន័យឡានម៉ូតូដែលគ្មានបណ្ណបើកបរ ក៏ជាព័ត៌មានចាស់ តាំពីឆ្នាំ២០១៥។ ដែលព័ត៌មានទាំងនេះ នាំអោយមានការយល់ច្រឡំចំពោះការរឹតបន្តឹង ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យប្រជាពលរដ្ឋ កុំមានការយល់ច្រឡំ ចំពោះខ្លឹមសារក្នុងឃ្លីបវីដេអូនេះ ជាមួយនឹងផែនការរឹតបន្តឹង ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នាថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២០ នោះ ហើយនាយកដ្ឋាន ក៏សូមណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការទទួលខុសត្រូវ នូវព័ត៌មានដែលខ្លួន យកមកបង្ហោះឬចែកចាយ ទោះជាចេតនា ឬអចេតនាក្ដី ព្រោះលោកអ្នកអាចប្រឈម នឹងច្បាប់នូវរាល់ការផ្សព្វផ្សាយ ក្លែងបន្លំណា ដែលបង្កឱ្យមានភាពចលាចលដល់សង្គម៕