ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិវាសត្វស្លាប ទេសន្តប្រវេសន៍ពិភពលោក ឆ្នាំ២០២០

129

 

ភ្នំពេញ៖ ទិវាសត្វស្លាបទេសន្តប្រវេសន៍ពិភពលោក ត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំ ក្នុងខែឧសភា ដែលក្នុងនោះប្រទេសកម្ពុជាបានជ្រើសរើសយកថ្ងៃទី១០ ខែឧសភា ដើម្បីប្រារព្ធទិវានេះក្នុងគោលបំណងអប់រំផ្សព្វផ្សាយ ពីសារប្រយោជន៍នៃការអភិរក្សសត្វសត្វស្លាបទេសន្តប្រវេសន៍ និងទីជម្រករបស់វា។ នេះបើតាមការផ្សាយព័ត៌មាន របស់ក្រសួងបរិស្ថាន។

សត្វស្លាបទេសន្តរប្រវេសន៍ជាប្រភេទសត្វស្លាប ដែលធ្វើការផ្លាស់ទីជារៀងរាល់ឆ្នាំ ទៅតាមផ្លូវហោះហើររបស់វា ពីតំបន់មួយទៅតំបន់មួយទៀត ឬឆ្លងកាត់ប្រទេសជាច្រើន ជុំវិញពិភពលោក។ ការអភិរក្សសត្វស្លាបទេសន្តប្រវេសន៍ គឺទាមទារឱ្យមានការចូលរួម និងសហការពីបណ្តាប្រទេសនានា ដែលស្ថិតនៅក្នុងផ្លូវហោះហើររបស់វា។

ផ្លូវហោះហើរសត្វស្លាប គឺជាពាក្យដែលប្រើសម្រាប់បង្ហាញ ពីតំបន់ភូមិសាស្ត្រមួយ ដែលសត្វស្លាបជាច្រើន ធ្វើការផ្លាស់ទីពីជម្រកពងកូន ទីសំចត និងទីតាំងស្វែករកចំណី ក្នុងរដូវកាលជាក់លាក់មួយជាប្រចាំឆ្នាំ។ បច្ចុប្បន្ននៅលើពិភពលោក មានផ្លូវហោះហើរសត្វសា្លបចំនួនប្រាំបួន ហើយប្រទេសកម្ពុជា មានទីតាំងស្ថិតនៅក្នុងផ្លូវហោះហើរសត្វស្លាប អាស៊ីខាងកើត-អូស្ត្រាលី និងបានចូលជាសមាជិក កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូផ្លូវហោះហើរ សត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ចាប់តាំងពីឆ្នាំ២០០៧ ដែលមានក្រសួងបរិស្ថានជាសេនាធិការ។

បណ្តាប្រទេសដែលជាសមាជិក កិច្ចសហប្រតិបត្តិការ អន្តរជាតិ នៃភាពជាដៃគូផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី បានសិក្សា និងដាក់តំបន់ដីសើម ដែលមានសារសំខាន់ ដល់សត្វស្លាបទេសន្តប្រវេសន៍ ជាតំបន់នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី។ តំបន់ទាំងនោះ ត្រូវបានជ្រើសរើស ផ្អែកលើលក្ខណៈវិនិច្ឆ័យ ដូចជា សារសំខាន់នៃកត្តាជីវចម្រុះ និងមុខងារអេកូឡូស៊ី របស់តំបន់នោះ ជាពិសេសផ្តល់ជាទីជម្រក ដ៏សំខាន់ដល់សត្វស្លាបទេសន្តប្រវេសន៍ ក្នុងវដ្តជីវិតរបស់ពួកវា។ គិតត្រឹមខែឧសភា ឆ្នាំ២០២០នេះ តំបន់ដីសើមសំខាន់ៗ ដែលត្រូវបានដាក់បញ្ចូល ជាតំបន់នៃបណ្តាញផ្លូវហោះហើរ សត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី មានចំនួន ១៤៧ កន្លែង ហើយបង្កើតបានជាបណ្តាញ ដ៏ធំមួយក្នុងការអភិរក្សសត្វស្លាប ទេសន្តប្រវេសន៍ និងទីជម្រករបស់ពួកវា។

ងាកមកមើលប្រទេសកម្ពុជាវិញ តំបន់ការពារទេសភាពអន្លង់ព្រីងមាន ផ្ទៃក្រលាសរុប ២១៧ ហិកតា ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ដែលបង្កើតឡើងដោយអនុក្រឹត្យលេខ ៨៤ អនក្រ-បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានទទួលស្គាល់ ជាតំបន់នៃបណ្តាញផ្លូវហោះហើរ សត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ដោយលេខាធិការដ្ឋាន កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូ ផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលីក្នុងឆ្នាំ២០១៩។ យើងមានមោទនភាព ដែលតំបន់ការពារទេសភាព អន្លង់ព្រីង ត្រូវបានទទួលស្គាល់ និងដាក់បញ្ចូលជាតំបន់ នៃបណ្តាញផ្លូវហោះហើរ សត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី៕

អត្ថបទដែលជាប់ទាក់ទង