ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាកសិករងាកមកដាំបន្លែត្រឡាចដើម្បីជួយចូលរួមចំណែកដោះស្រាយជីវភាពគ្រួសារបានមួយកម្រិត

141

ព្រៃវែង៖ ប្រជាកសិករក្នុងស្រុកព្រះស្ដេចខេត្ត ព្រៃវែង នាំគ្នាងាកមកដាំបន្លែត្រឡាច ជំនួសពីការធ្វើស្រែ ខណៈទីផ្សារក្នុងស្រុកបច្ចុប្បន្ន កំពុងតែមានតម្រូវការខ្លាំង ។ កសិករជាច្រើនគ្រួសារនៅតាមមូលដ្ឋាននៃខេត្តព្រៃវែង បាននិងកំពុងមមាញឹកដាំដំណាំបន្ទាប់បន្សំដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃនិងផ្គត់ផ្គង់គ្រួសារ។
លោក សារឹម ប្រជាកសិករ និងជាម្ចាស់ចម្ការត្រឡាច រស់នៅក្នុងភូមិបឹងស្នោ ឃុំល្វា ស្រុកព្រះស្ដេច ខេត្ត ព្រៃវែង បានឲ្យដឹងនៅថ្ងៃទី១០ ឧសភា ឆ្នាំ២០២០
ថា៖ ដំបូងឡើយលោកធ្វើស្រែតែមួយមុខគត់ នៅលើផ្ទៃដីជាង ១០ ហិកតា ក្នុងនោះដីស្រែ ៨០ភាគរយ គឺជាដីដែលលោកជួលគេ ដោយធ្វើមួយឆ្នាំបាន ៣ដង ព្រោះដីដែលលោកធ្វើស្រែនៅជាប់នឹងប្រឡាយទឹក។
លោកបានបន្តថា ក្រៅពីធ្វើស្រែ លោកបានឆ្លៀតដាំបន្លែសរីរាង្គ បន្តិចបន្តួចជាលក្ខណៈគ្រួសារទុកហូបខ្លួនឯង នៅដីជុំវិញផ្ទះតែប៉ុណ្ណោះ។ ក្រោយមក ដោយសារតែទទួលបានផលល្អលើសពីការហូបចុក លោកក៏បានយកបន្លែខ្លះទៅលក់នៅឯផ្សារក្បែរផ្ទះ។ លុះក្រោយមក ទៀតលោកក៏ទទួលបានការបញ្ជាទិញបន្លែមួយចំនួនពីអ្នកលក់បន្លែនៅផ្សារផងដែរ។
ម្ចាស់ចម្ការត្រឡាចរូបនេះ បានបញ្ជាក់ថា បន្ទាប់មកលោកក៏បានសាកល្បងដាំបន្លែត្រឡាចលើផ្ទៃដីចំនួន ២ហិកតា នៅដើមខែកុម្ភៈ ឆ្នាំ២០២០នេះ។ បច្ចុប្បន្ន អាចប្រមូលផលពីផ្លែត្រឡាចក្នុងមួយថ្ងៃបានជាង ២០០គីឡូក្រាម ដោយត្រឡាចអាចលក់បាន ១៤០០រៀល ទៅ១៥០០រៀល ក្នុងមួយគីឡូក្រាម។ ជាលទ្ធផល លោកអាចទទួលផលកម្រៃពីការដាំត្រឡាចជារៀងរាល់ថ្ងៃ ដែលលើសពីការធ្វើស្រែ។
លោក សារឹម បានបញ្ជាក់ទៀតថា មូលហេតុដែលលោកជ្រើសរើសបន្លែត្រឡាចយកមកដាំ ព្រោះវាងាយស្រួលដាំ និងងាយស្រួលមើលថែ ថែមទាំង ទទួលផលបានលឿន គឺត្រឹមតែរយៈពេល ៤៥ថ្ងៃ អាចប្រមូលផលពីត្រឡាចជារៀងរាល់ថ្ងៃ។ ហើយការការដាំត្រឡាចគឺវាមិនលំបាកទេ គឺគ្រាន់តែរកដីដែលជាតំបន់ខ្ពស់មិនលិចទឹកភ្លៀង ធ្វើស្មៅ លើករងដីឲ្យបានខ្ពស់ ប្រើជាជីកំប៉ុសអាចម៍ទា ឬអាចម៍គោ ជាពិសេសគឺត្រូវរកពូជត្រឡាចល្អយកមកដាំ។
លោកបានបញ្ជាក់ថា ការដាំបន្លែបន្ទាប់បន្សំនេះបានរួមចំណែកដោះស្រាយជីវភាពក្រុមគ្រួសាររបស់លោកអោយបានល្អប្រសើរមួយកម្រិតនិងជៀសវសងការនៅទំនេរឥតប្រយោជន៍។ ឆ្នាំក្រោយគ្រោងពង្រីកការដាំដុះអោយច្រើនជាងនេះថែមទៀត។
គួរបញ្ជាក់ថា កំលុងពេលនៃការរីករាលដាលវីរុសកូវីដ១៩ ទូទាំងសាកលលោក ទើបធ្វើឲ្យប្រទេសនានា មានតម្រូវការស្បៀងអាហារខ្លាំង នៅក្នុងស្រុក មិនថាតែកម្ពុជាយើងនោះទេ៕.សំរិត

អត្ថបទដែលជាប់ទាក់ទង