ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់ បុរសជនជាតិចិនម្នាក់និងរបួស យុវជនកម្ពុជាម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបោលបុកម៉ូតូ

88

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ ហើយយុវជនក្នុងវ័យ១៥ ឆ្នាំម្នាក់បានរងរបួសធ្ងន់ធ្ងរហើយត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនភ្លាមដែរ ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូបុកគ្នាយ៉ាងពេញទំហឹងនោះ។   

   ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ៤រោចខែពិសាខឆ្នាំជូតទោស័កព  ថ្ងៃទី១០ខែ០៥ឆ្នាំ២០២០វេលាម៉ោង៥និង៤០នាទីត្រង់ចំនុចមុខផ្ទះលេខ១៧៣អាផ្លូវលេខ១៨២កែងផ្លូវលេខ២២៣ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី១ខណ្ឌទួលគោក។

  មន្ត្រីប៉ូលីសខណ្ឌទួលគោកបានអោយដឹងថា ករណីនេះបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ១ID៩១៥៤ បើកបរដោយឈ្មោះហុក ម៉េងហុងភេទប្រុសអាយុ១៥ឆ្នាំជនខ្មែរសញ្ជាតិខ្មែរមុខរបរមិនប្រាកដមានទីលំនៅស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោកបានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ១០០ពណ៍សពាក់ផ្លាកលេខ១ HN១៣៣៩ បើកបរដោយឈ្មោះហ្វេស៊ីគី FEI. SHIQI ភេទ ប្រុស អាយុ ៥៣ឆ្នាំជនជាតិ ចិន ស្នាក់នៅផ្ទះជួល នៅផ្លូវ ជាសុផារ៉ា ខណ្ឌឬស្សីកែវ បានស្លាប់នៅកន្លែងកើតហេតុ។

   មន្ត្រីប៉ូលីសខណ្ឌទួលគោកបានអោយដឹងទៀតថា នៅ មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនខាងលើបើកបរម៉ូតូម៉ាកហុងដាសេ១០០ពណ៍សតាមបណ្តោយផ្លូវ២៣៣ ក្នុងទិសដៅពីត្បូងមកជើង លុះបើបរមកដល់ចំណុចកើតហេតុ ក៏ត្រូវយុវជនបង្កខាងលើបើកបរក្នុងល្បឿនលឿនមកបុកជនរងគ្រោះយ៉ាងពេញទំហឹងនិងបណ្តាលអោយស្លាប់ភ្លាមៗតែម្តង។ចំណែកយុវជនរូបនេះបាក់ជើងខាងឆ្វេង ហើយក៏ត្រូវគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមដែរ។

   បច្ចុប្បន្នប៉ូលីសជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ខណ្ឌបានប្រគល់អោយផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌដើម្បីធ្វើការស្រាវជ្រាវនិងកសាងឯកសារបន្ត៕

 

អត្ថបទដែលជាប់ទាក់ទង