ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប យល់ថា ជំនួបរវាងឥស្សរជនខ្មែរទាំងពីរ ជាវិជ្ជមានជាជំហានទី១
ភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម កឹម សុខា បានទទួលជួបលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។
លោកកឹម សុខា បានថ្លែងថា បន្ទាប់ពីជួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ព្រឹកមិញនេះ ខ្ញុំក៏បានទទួលជួបជាមួយនឹងលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប(EU)ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋានរបស់ខ្ញុំ នាវេលាម៉ោង ៣រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នេះផងដែរ។
លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា បានបញ្ជាក់ថា លោកជំទាវ ឯកអគ្គរដ្ឋទូត បានសាទរចំពោះជំនួបរវាងឥស្សរជនខ្មែរទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម កឹម សុខា នៅថ្ងៃទី៥ ខែឧសភា ដោយយល់ថាជាវិជ្ជមានជាជំហានទី១ (positive first step)។
ក្នុងជំនួបនេះ ឯកឧត្តម កឹម សុខា និង លោកជំទាវ ឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នា អំពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន និងទៅអនាគត៕