ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ដឹក​ស្រា​បៀរ​កម្ពុជា​មួយគ្រឿង ក្រឡាប់បះជើង

75

 

​ខេត្តកំពង់ធំ​៖​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ អង្គារ ទី​១២ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ៥ និង ៤០​នាទី​ជិត​ភ្លឺ លើ​កំណាត់​ផ្លូវជាតិ​លេខ ០៦ (​ផ្លូវ​វាង​ក្រុង​ស្ទឹងសែន​) ស្ថិត​ក្នុងភូមិ ព្រៃ​តា​ហ៊ូ សង្កាត់ ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង បណ្ដាល​ឲ្យ​ខូចខាត​ស្រា​បៀរ​កម្ពុជា​មួយចំនួន រថយន្ដ ១ គ្រឿង ប៉ុន្ដែ​មិនមាន​របួស​ដល់​មនុស្ស​ឡើយ​។

​រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ ក្បាល​ពណ៌ ខៀវ ផ្លាកលេខ​ភ្នំពេញ 3E . 3522 របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា សណ្តោង​ស៊ឺ​មី​រ៉ឺម៉ក​ផ្លាកលេខ​ភ្នំពេញ 4A . 4889 ផ្ទុក​ស្រា​បៀរ​កម្ពុជា (​បើកបរ​ទិស​ដ​ពី​ត្បូង​ទៅ​ជើង​) អ្នកបើកបរ​ឈ្មោះ សារ៉ាត់ ពិ​សិត អាយុ ២២​ឆ្នាំ រស់នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​ជំនាញ​បានបញ្ជាក់​ឲ្យ​ដឹងថា មូលហេតុ​បឋម ដែល​បង្កឡើង​ដោយ​អ្នកបើកបរ​រថយន្ដ​បើកបរ ក្នុងស្ថានភាព​ងងុយ ។​

​បន្ទាប់ពី​រថយន្ត​ដឹក​ស្រា​បៀរ​កម្ពុជា ក្រឡាប់​ចាក់ចោល​រាប់ពាន់​កេស​ពេញ​លើ​ថ្នល់​បែបនេះ ក្រុម​ប្រជាពលរដ្ឋ​មួយចំនួន មានការ​សប្បាយចិត្ត​យ៉ាងខ្លាំង ដោយ​នាំគ្នា​ទៅ​ប្រមូល​ស្រា​ទាំង​នោះមក​ទុក​ផឹក​ផងដែរ​។​

​សូមបញ្ជាក់ថា ជានិច្ចកាល លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ តែងតែ​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទូទៅ គ្រប់​ស្រទាប់វណ្ណៈ និង​មូលដ្ឋាន​ឃុំ សង្កាត់ ជាពិសេស​អ្នកបើកបរ​លើ​ដងផ្លូវ ត្រូវ​ចូលរួម​គោរព អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​គោលបំណង​បង្ការ ទប់ស្កាត់ កាត់បន្ថយ​អត្រា​

​កំណើន នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ថែរក្សា​បាន អាយុជីវិត ទ្រព្យសម្បត្តិ ឯកជន និង​សាធារណៈ ស្របតាម​អនុក្រឹត្យ​លេខ ៣៩​អនក្រ​.​បក ចុះ​ថ្ងៃទី ១៧ ខែមីនា ឆ្នាំ​២០២០ ។​

​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ជា​ក្ដីកង្វល់ របស់​ថ្នាក់ដឹកនាំ ក៏ដូចជា​សង្គមជាតិ ដូច្នេះហើយ សូម​បងប្អូន​ចូលរួម​គោរព​ច្បាប់​អនុវត្ត​ចរាចរណ៍​ផ្លូវគោក ឲ្យ​បាន​គ្រប់ៗ​គ្នា​៕​

អត្ថបទដែលជាប់ទាក់ទង