ជាសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ ត្រូវតែគោរពច្បាប់ និងធ្វើជាគំរូឲ្យបានល្អ ដល់ប្រជាពលរដ្ឋ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងនាមជាសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ ត្រូវតែគោរពច្បាប់ និងធ្វេីជាគំរូឲ្យបានល្អ ដល់ប្រជាពលរដ្ឋ ។
បើក្នុងករណីសមត្ថកិច្ចមិនគោរពច្បាប់ នឹងត្រូវផាកពិន័យតាមច្បាប់ស្មើភាពគ្នា ជាមួយប្រជាពលរដ្ឋ ។
អគ្គស្នងការដ្ឋាននគរបាលជាតិសូមថ្លែងអំណរគុណដល់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Pheng Vannak News បានបង្ហោះខ្លឹមសារព័ត៌មានថា ” ប្រជាពលរដ្ឋនិងច្បាប់ចរាចរណ៍នគរបាលចាប់ផាកពិន័យមន្ត្រីនគរបាលមួយច្បាប់ចរាចរណ៍អ្នកណាផាកពិន័យ ” កំពង់ឆ្នាំងយើងហ្នឹង! ដោយភ្ជាប់រូបភាពផង។ ក្នុងន័យនេះយើងចាត់ទុកថាម្ចាស់គណនីហ្វេសប៊ុកខាងលើមានបំណងរិះគន់ក្នុងន័យស្ថាបនា ចំពោះមន្ត្រីអនុវត្តច្បាប់ ប៉ុន្តែរូបភាពសកម្មភាពនោះ គឺជារូបភាពចាស់ដែលបានថតកាលនៅឆ្នាំ២០១៩ កន្លងទៅ ហើយស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានធ្វើការណែនាំកែលម្អសាម៉ីខ្លួនរួចហើយផងដែរ រូបភាពទាំងនោះមិនមែនជារូបភាពសកម្មភាពដែលកើតក្រោយពេលប្រកាសឲ្យអនុវត្តការរឹតបន្តឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០ នោះទេ។ ទន្ទឹមនោះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០កន្លងទៅ អគ្គស្នងការនគរបាលជាតិបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យមន្ត្រីនគរបាលចរាចរណ៍ពិន័យគ្រប់មន្ត្រីនគរបាលណាដែលអនុវត្តខុសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោគ ដូចប្រជាពលរដ្ឋទូទៅដែរ និងបានរំលឹកណែនាំថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការណែនាំបន្តដល់មន្ត្រីក្រោមឱវាទឲ្យចូលរួមគោរពច្បាប់ធ្វើជាគំរូប្រជាពលរដ្ឋ។ ជាការពិតណាស់ តាមខ្លឹមសារអនុក្រឹត្យលេខៈ ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានធ្វើឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដោយស្មារតីទទួលខុសត្រូវខ្ពស់។
យើងខ្ញុំរង់ចាំទទួលយកការរិះគន់ទាំងឡាយក្នុងន័យស្ថាបនា សូមថ្លែងអំណរគុណចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ និងបណ្តាបណ្តាញសង្គមផ្សេងទៀត ដែលបានចូលរួមចំណែកពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕