បុរសម្នាក់ដែលបាញ់សម្លាប់សត្វ “កេងកងធំ” បានចូលខ្លួនមកសុំទោសសាធារណជន និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុស
ភ្នំពេញ៖ បុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកង ដែលត្រូវបានផ្សព្វផ្សាយ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានចូលខ្លួនមកសុំទោសសាធារណជន និងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃដូច្នេះទៀត ហើយចំពោះមុខសមត្ថកិច្ចនៃក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ នេះបើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន ដែលបានទទួលជួបផ្ទាល់បុរសឈ្មោះ គ្រុយ ចំរើន ដែលបានសារភាពថា ខ្លួនពិតជាបាន បាញ់សម្លាប់សត្វកេងកងធំមួយក្បាលនោះ អំឡុងពេលខ្លួនទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ក្មេងលេងទឹកជ្រោះ ៩ ជាន់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្ត្រខេត្តកំពត។
បុរសឈ្មោះ គ្រុយ ចំរើន បានសរសេរនៅក្នុងលិខិតសុំអភ័យទោសចំពោះសាធារណជនថា ៖ “សូមទទួលស្គាល់ការពិតដែលបាញ់សម្លាប់សត្វកេងកងចំនួនមួយក្បាល ស្ថិតនៅក្នុងរមណីយដ្ឋានទឹកធ្លាក់ ៩ ជាន់នៅភូមិតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ ខ្ញុំបាទសូមទោសប្រជាពលរដ្ឋកម្ពុជាទាំង អស់ សូមអភ័យទោសដល់រូបខ្ញុំបាទ និងឈប់ប្រព្រឹត្តកំហុសបែបនេះទៀតហើយ។ សូមបងប្អូនប្រជា ពលរដ្ឋកុំយកគំរូតាមរូបខ្ញុំបាទ។ ខ្ញុំសូមសន្យានឹងប្រគល់អាវុធ ដែលបានបាញ់សត្វកេងកងនោះ មកក្រសួងបរិស្ថាន”។
រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បុរសម្នាក់នេះបាន ទទួលស្គាល់កំហុសរបស់ខ្លួន និងស្នើសុំការសណ្តោសប្រណី ពីសាធារណជនដែលខ្លួន បានជ្រុលជ្រួសប្រព្រឹត្តនូវកំហុសឆ្គងនេះ។ ឯកឧត្តមបានថ្លែងថាតាមរយៈការទទួលទោសកំហុសនេះគឺក្រសួងបរិស្ថាន ទទួលយក និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តនេះជារៀងរហូត។ ឯកឧត្តមបានថ្លែងថា នេះគឺជាគំរូ អាក្រក់មួយដែលអ្នកផ្សេងទៀតត្រូវចៀសវាង។
ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាធិការបានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលទៅទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋានធម្មជាតិនានាសូមកុំ ប្រព្រឹត្តបទល្មើសបរបាញសត្វ និងកុំបរិភោគសាច់សាច់ព្រៃ និងត្រូវចូលរួមការពារអភិរក្សសត្វព្រៃឱ្យបានគង់វង្ស សម្រាប់បម្រើដល់ទេសចរណ៍ធម្មជាតិ និងការពារជីវចម្រុះនិងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាសត្វកេងកងគឺជា ប្រភេទសត្វកម្រជិតផុតពូជហើយបច្ចុប្បន្ននេះ គេឃើញមានវត្តមាននៅក្នុងតំបន់មួយចំនួនតូចប៉ុណ្ណោះ ដូចជានៅភ្នំបូកគោ តំបន់ជួរភ្នំ ក្រវាញ តំបន់ភាគខាងកើតនៃប្រទេសកម្ពុជាជាដើម៕