ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ថែម ករណី​រថយន្ត​ទំនើប​មួយគ្រឿង​បុក​គល់ស្ពាន​ព្រែក​ជ្រៃ បន្សល់ទុក​កាត​របស់​លោក កី ម៉ា​នេ​រ៉ា អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ

105

 

​ភ្នំពេញ​៖​កាលពី​វេលា​ម៉ោង​៩ យប់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​គល់ស្ពាន​ព្រែក​ជ្រៃ តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌ​ង្កោ មាន​ករណី​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក Range Rover ពាក់​ផ្លាកលេខ ភ្នំពេញ 2BH-6588 បាន​បើក​វ៉ា​ជែង​ក្នុង​ល្បឿន​លឿន រួច​ជ្រុល​បុក​គល់ស្ពាន​ព្រែក​ជ្រៃ បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ ។

​ជាមួយគ្នានេះ ជនបង្ក​បាន​រត់គេចខ្លួន​មុនពេល​សមត្ថកិច្ច​ទៅដល់ តែ​បាន​បន្សល់ទុក​កាត​រប​ស់លោក កី ម៉ា​នេ​រ៉ា អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​រថយន្ត ដែល​ពេលនេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ថែម ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក រិ​ទ្ធ ប្រធាន​ផ្នែក​ចរាចរណ៍​ខណ្ឌដង្កោ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ ថា លោក​មិនទាន់​ច្បាស់​ថា ជនបង្ក​ជា​អ្នកណា​នៅឡើយ​ទេ ដោយសារ​ពេល​សមត្ថកិច្ច​ទៅដល់ គឺ ឃើញតែ​រថយន្ត​បង្ក​នៅ​កន្លែងកើតហេតុ​ប៉ុណ្ណោះ ដែល​ករណីនេះ បាន​បញ្ជូនទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ចាត់ការ​បន្ត​តាម​នីតិវិធី ហើយ ។​

​ដោយឡែក លោក​វរសេនីយ៍ទោ សែម រតនា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​ដែរ​ថា ពេលនេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណីនេះ​ហើយ ។ ប៉ុន្តែ តាម​ព័ត៌មាន​បឋម អ្នកបើកបរ​អាចជា​តៃកុង​ឡាន​របស់លោក កី ម៉ា​នេ​រ៉ា អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ។

​ជាមួយគ្នានេះ ពុំទាន់​អាច​សុំ​ការបញ្ជាក់​ផ្ទាល់​ពី​លោក កី ម៉ា​នេ​រ៉ា អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បានទេ ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល ។​

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ នេះ បាន​រៀបរាប់ថា រថយន្ត​បង្ក​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន និង​បើក​ទន្ទឹមគ្នា​ជាមួយ​រថយន្ត​ផ្សេងទៀត ធ្វើ​ឲ្យ​រថយន្ត​បង្ក​ជ្រុល​ចង្កូត​ទៅបុក​គល់ស្ពាន​ព្រែក​ជ្រៃ ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ ។ ចំណែក​គល់ស្ពាន និង​រូបចម្លាក់​នាគ​ក៏​បាក់បែក​ជាច្រើន​ផងដែរ ៕​

អត្ថបទដែលជាប់ទាក់ទង