នៅថ្ងៃទី១៤ឧសភា ពុំរកឃើញករណីជំងឺ COVID-19 ថ្មីទេ
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា រហូតដល់ម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី ១៤ ឧសភា ២០២០ យើងពុំរកឃើញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយើងមានករណីជំងឺកូវីដ១៩ សរុបចំនួន១២២ករណីដដែល និង មិនមានករណីជាសះស្បើយករណីថ្មីទេ ដូច្នេះករណីជាសះស្បើយសរុបមានចំនួន១២១នាក់ ស្លាប់គ្មាន និងអ្នកជំងឺនៅសល់សម្រាកព្យាបាលនៅពេទ្យចំនួនតែ ១នាក់ប៉ុណ្ណោះ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យើងបានធ្វើតេស្តចំនួន 1441 ស្មើនឹង 889 ក្នុង១លាននាក់៕