ប្តីតាមទាន់ប្រពន្ធ ដល់បន្ទប់ជួល នៅជាមួយប្រុសថ្មី
ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវប្តីតាមទាន់ដល់បន្ទប់ជួលជាមួយប្រុសថ្មី ។ បុរសជាប្តី បានរៀបរាប់ថា គាត់បានចាំឃ្លាំមើលស្ត្រីជាប្រពន្ធតាំងពីព្រឹក ហើយពេលប្រពន្ធចេញពីផ្ទះ គឺទៅជួបប្រុសសហាយដល់បន្ទប់ជួល និងបានឃើញឱបថើបគ្នា ហើយគាត់ខ្ទប់ទ្វារជាប់ រត់ទៅប្តឹងនគរបាលឲ្យឃាត់ខ្លួន។ នគរបាលបានចុះទៅនាំអ្នកទាំង៣នាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា រួចបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីសួរនាំ។ បុរសជាប្តី មិនបានប្តឹងផ្តល់នោះទេ ហើយសុខចិត្តប្រគល់ប្រពន្ធឲ្យទៅប្រុសថ្មី។
ហេតុការណ៍កើតឡើងវេលាម៉ោងប្រមាណ២និង២០នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែងតាមបណ្តោយផ្លូវកែវចិន្តា ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ។
ស្ត្រីលួចមានសហាយ ឈ្មោះ លីន អាយុប្រមាណ៣០ឆ្នាំ និងប្តីអាយុប្រមាណ៣០ឆ្នាំ ជាជាងភ្លើងនិងដែក ស្នាក់នៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកបុរសដែលលួចទាក់ទងប្រពន្ធគេ ពុំស្គាល់ឈ្មោះឡើយ មានលំនៅស្នាក់នៅកន្លែងកើតហេតុខាងលើ ។
បុរសជាប្តី បានឱ្យដឹងថា ខ្លួននិងប្រពន្ធ បានរៀបការរស់នៅជាមួយ រយៈពេលប្រមាណ១០ឆ្នាំមកហើយ ពុំមានកូនចៅនោះទេ ដោយប្រពន្ធចេះតែយកលេសថា មិនទាន់ចង់បានកូន ។ នៅមួយរយៈចុងក្រោយ គាត់បានធ្វើដំណើរទៅធ្វើការនៅខេត្ត ពេលត្រឡប់មកវិញ ប្រពន្ធហាក់ដូចជាសោះអង្គើយ ដែលជាហេតុធ្វើឲ្យគាត់ចេះតែមានការសង្ស័យ ទំនងជាប្រពន្ធលួចមានអ្នកថ្មី និងចេះតែបង្កទំនាស់នៅក្នុងគ្រួសារមិនចេះចប់ ។ នៅមុនពេលកើតហេតុ បុរសជាប្តី បានលួចរង់ចាំឃ្លាំមើលប្រពន្ធរបស់ខ្លួន តាំងពីព្រឹក ហើយពេលប្រពន្ធចេញពីផ្ទះ គឺទៅជួបប្រុសសហាយដល់បន្ទប់ជួលប្រាកដមែន និងបានឃើញឱបថើបគ្នា ។ ពេលនោះហើយ គាត់បានខ្ទប់ទ្វារជាប់ ហើយទៅប្តឹងនគរបាល។ បន្ទាប់ពីបានទទួលពាក្យប្តឹងពីបុរសជាប្តី នគរបាលបានចុះទៅនាំខ្លួនពួគគេទាំង៣នាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសួរនាំ ហើយប្តី មិនបានប្តឹងផ្តល់នោះទេ ហើយសុខចិត្តលែងលះគ្នាប្រគល់ប្រពន្ធឲ្យទៅប្រុសថ្មី៕