បាញ់សត្វទន្សោងពីរក្បាលងាប់នៅខេត្តមណ្ឌលគិរី ក្នុងបរិវេណដីក្រុមហ៊ុន លឹមរ៉ូយ៉ាល់
មណ្ឌលគិរី៖ សត្វទន្សោងពីរក្បាល ត្រូវបានគេប្រទះឃើញងាប់ ក្នុងបរិវេណដីក្រុមហ៊ុន លឹមរ៉ូយ៉ាល់នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។
លោក អ៊ុំ វណ្ណសុភៈ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបានឱ្យដឹងថា ក្រុមហ៊ុនលឹម រ៉ូយ៉ាល់ បានរាយការណ៍ថា មានសត្វទន្សោងងាប់នៅក្នុងដីក្រុមហ៊ុន របស់ខ្លួន ទើបក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើ ចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងសហការជាមួយក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ។
ក្រុមការងារបានឃើញសត្វទន្សោងញីចំនួន២ក្បាល បានងាប់មានសភាពហើមស្អុយ ប្រហែលជាងាប់៣ទៅ ៤ថ្ងៃមកហើយ។ សត្វទន្សោងដែលងាប់នេះ ត្រូវបានជនមិនស្គាល់មុខបាញ់នៅក្នុងព្រៃការពារភ្នំព្រេច ហើយសត្វទន្សោងនោះ បានរត់មកងាប់នៅក្នុងដីក្រុមហ៊ុនចម្ងាយពីផ្លូវធំប្រហែល៣០ម៉ែត្រ។
បន្ទាប់មកក្រុមការងារបានកប់សពសត្វទន្សោងនៅនឹងកន្លែងកើតហេតុ។
លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បាននិយាយថា លោកបានចាត់មន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវ ករណីបាញ់សត្វទន្សោងនេះហើយ ដើម្បីវែកមុខរកជនដែលប្រព្រឹត្តខុសច្បាប់៕