លួចម៉ូតូគេចេញពីស្រុកជីក្រែង បម្រុងយកទៅរកកន្លែងលក់ ក្នុងក្រុងសៀមរាប
សៀមរាប៖ជនសង្ស័យម្នាក់ កំពុងបណ្តើរម៉ូតូទាំងកណ្តាលយប់ត្រូវសមត្ថកិច្ចហៅសួរនាំក៏ភិតភ័យសារភាពថាលួចម៉ូតូគេចេញពីស្រុកជីក្រែង បម្រុងយកទៅរកកន្លែងលក់ ក្នុងក្រុងសៀមរាប។កម្លាំងនគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។
កាលពីវេលាម៉ោង២យប់ឈានចូលថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិលលៃឃុំបាគងស្រុកប្រាសាទបាគងខេត្តសៀមរាប កម្លាំងនគរបាលស្រុកប្រាសាទបាគងយើងខ្ញុំបានបន្តល្បាតក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋនិងបានប្រទះឃើញជនសង្ស័យម្នាក់ កំពុងបណ្តើរម៉ូតូទាំងកណ្តាលយប់មកធ្វើការសាកសួរតាមនិតិវិធី។
ជនសង្ស័យនេះមានឈ្មោះចែតម៉េងហួយហៅអួយភេទប្រុសអាយុ២៤ឆ្នាំស្រុកកំណើតនិងទីលំនៅសព្វថ្ងៃភូមិអន្លង់វិលឃុំគោកធ្លកក្រោមស្រុកជីក្រែង។
បន្ទាប់ពីបានធ្វើការសាកសួរនាំ និងពិនិត្យមើលស្លាកលេខលេខតួរលេខម៉ាស៉ីន ម៉ូតូរួចមកទើបយើងដឹងថា ម៉ូតូម៉ាកសង់សេ១២៥ខ្មៅសេរី២០០៧ឡើងតែម២០១៤ស្លាកលេខឧត្តរមានជ័យ1A.3474 លេខតួលេខម៉ាស៊ីន៨១៦៩១៥៥គឺជារបស់ជនរងគ្រោះឈ្មោះសុខឡីភេទប្រុសអាយុ២០ឆ្នាំនៅភូមិចំបក់ធំឃុំកំពង់ក្តីស្រុកជីក្រែង ដែលបានបាត់កាលពីថ្ងៃទី១២ខែឧសភា ឆ្នាំ២០២០វេលាម៉ោង៤និង២០នាទីទៀបភ្លឺ ព្រោះត្រូវបានជនសង្ស័យខាងលើនេះ លួចចេញពីស្រុកជីក្រែង បម្រុងយកទៅរកកន្លែងលក់ ក្នុងក្រុងសៀមរាប។
ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីភឹងចិន្តារ៉េតស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាបនិងយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងផែនព្រហ្មទណ្ឌនិងកម្លាំងនគរបាលស្រុកជីក្រែង បានបន្តធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់បន្ថែមទៀតឈ្មោះម៉េង សុភណ្ឌហៅម៉ៃភេទប្រុសអាយុ២១ឆ្នាំស្រុកកំណើតនិងទីលំនៅសព្វថ្ងៃភូមិអន្លង់វិលឃុំគោកធ្លកក្រោមស្រុកជីក្រែងពាក់ពន្ធ័នឹងការសមគំនិតលួចម៉ូតូនេះកាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០២០នៅភូមិអន្លង់វិលឃុំគោកធ្លកក្រោមស្រុកជីក្រែង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕