មកដល់ថ្ងៃទី១៥ឧសភានេះ ភិក្ខុឡុង ចន្ថា នៅតែបន្តគេចខ្លួន មិនចូលមកសឹក តាមកិច្ចសន្យា
តាកែវ៖ មកទល់ម៉ោង១២ថ្ងៃត្រង់ទី១៥ខែឧសភានេះ លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ បានបញ្ជាក់តាមទូរស័ព្ទថា ភិក្ខុ ឡុង ចន្ថា នៅមិនទាន់ចូលខ្លួនលាចាកសិក្ខាបទនៅឡើយ ហើយមិនមានអ្នកណាដឹងថា លោកចេញទៅណាបាត់នោះទេ ដោយគ្រាន់តែដឹងថា លោកសង្ឃ ឡុង ចន្ថា បានចេញពីវត្តភ្នំបូរី ជិះរថយន្ត Ford 2019 ចេញទៅបាត់តាំងពីថ្ងៃទី ៨ ខែឧសភាមកម្លេះ ។
ចំពោះចំណាត់ការព្រះមេគុណខេត្ត រួមជាមួយមន្ទីរធម្មការ នៅតែបន្តស្វែងរកភិក្ខុ ឡុង ចន្ថា ដដែល ដើម្បីឲ្យភិក្ខុរូបនេះ ចូលខ្លួនមកដោះស្រាយ នឹងផ្សឹកចេញ ដើម្បីកុំឲ្យកាន់តែខុសធ្ងន់ធ្ងរលើវិន័យសង្ឃ ។
សូមបញ្ជាក់បន្ថែមតាមហ្វេសប៊ុកផ្ទាល់ខ្លួន របស់ព្រះអង្គ ឡុង ចន្ថា ផ្ទាល់ គឺលោកបានសរសេរលើក្រដាសសមួយសន្លឹក និងស្នាមផ្តិតមេដៃ ដោយមានសង្ឃដីកាថា លោកនៅមិនទាន់អស់និស័យ្សនឹងព្រះទេ ។
សូមបញ្ជាក់ថា ភិក្ខុ ឡុង ចន្ថា គង់នៅ វត្តភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ កាលពីរសៀល ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានសម្រេចចិត្តលាចាកសិក្ខាបទ ដោយខ្លួនឯង ក្រោយមានការបែកធ្លាយ វីដេអូឆាតញ៉ែស្រី តាម Facebook ។
ក្នុងកិច្ចសន្យាដែលបានធ្វើឡើងនៅវត្តតុំ ជាវត្ត ព្រះមេគណខេត្ត មានទីតាំងនៅភូមិតុំ សង្កាត់រកាក្រៅ ស្រុកដូនកែវ ភិក្ខុ ឡុង ចន្ថា មាន សង្ឃដីកាថា បើគិតជាទោសក្នុងព្រះវិន័យមិនដល់ថ្នាក់សឹកទេ ប៉ុន្តែកុំឱ្យខូចតម្លៃ ព្រះពុទ្ធសាសនា ភិក្ខុ ឡុង ចន្ថា សម្រេចលាចាកសិក្ខាបទដោយខ្លួនឯង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ តែមកដល់ថ្ងៃទី១៥ ឧសភានេះហើយ និងមិនទាន់មានដំណឹងថា ភិក្ខុ ឡុង ចន្ថា នៅទីណាឲ្យប្រាកដឡើយ ៕