ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតឯកអគ្គរាជទូតលោក ស៊ុត ឌីណា ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោស

214

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោស លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ពីបទរំលោភអំណាច។

លោក​គុជ ​គឹម​ឡុង ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​​ថា ​លោក​ស៊ុត​ឌី​ណា​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ត្រូវបាន​ព្រះមហាក្សត្រ​​សម្រេច​លើកលែងទោស​ហើយ​ត្រូវ​បាន​សាលាដំបូង​អនុវត្ត​ព្រះរាជ​ក្រិត​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​នៅ​ថ្ងៃទី​១៥​ឧសភា​ឆ្នាំ​២០២០​នេះ។

លោក​គុជ​ គឹម​ឡុង​ បាន​បញ្ជាក់​ថា តុលាការ​ក្រុង​ភ្នំពេញ​ កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១៦ ​បានសម្រេច​ផ្ដន្ទាទោស​លោក​ស៊ុត​ ឌី​ណា​ ដាក់​ពន្ធនាគារ​៥​ឆ្នាំ​និង​ពិន័យ​លុយ​ចំនួន​១០​លាន​រៀល ​ពី​បទ​រំលោភ​អំណាច​និង​បទ​កេង​យក​ផល​ប្រ​យោជន៍​ខុសច្បាប់។

សូមរំលឹកថា លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃចន្ទទី០៤ ខែមេសា ឆ្នាំ២០១៦ កន្លងទៅបន្ទាប់ពីរកឃើញថា លោកមានការពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការអនុវត្តការងារនៅប្រទេសកូរ៉េ ដោយមានលុយរហូតដល់ ៧,២លានដុល្លារ និងមាស៣៣៩តម្លឹង បន្ទាប់ពីកាន់តំណែងបាន២ឆ្នាំ។

តុលាការបានចោទសម្រេចចោទប្រកាន់ លោក ស៊ុត ឌីណា ចំនួន២បទល្មើស រួមមានបទកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាច តាមមាត្រា៣៥ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ៕

អត្ថបទដែលជាប់ទាក់ទង