ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណី​ចុងក្រោយ​ជាសះស្បើយ​ហើយ ! ជំងឺ COVID-19 មិនមាន​លើទឹក​ដី​កម្ពុជា​ទេ គិត​ត្រឹម​ថ្ងៃទី​១៦​ឧសភា​នេះ 

124

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់​ម៉ោង ៨:០០​នាទី​ព្រឹក ថ្ងៃទី ១៦ ឧសភា ២០២០ យើង​ពុំ​រកឃើញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ ជា​សរុប​ប្រទេស​យើង​មាន​ករណី​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​១២២​ករណី​ដដែល និង មាន​ករណី​ជាសះស្បើយ​មួយ​ករណី​ថ្មី​ទៀត ដូច្នេះ​ករណី​ជាសះស្បើយ​សរុប​មាន​ចំនួន​១២២​នាក់ ស្លាប់​គ្មាន ។
​ប្រភពព័ត៌មាន​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​បញ្ជាក់ថា ពិតមែនតែ​ពុំ​រកឃើញ​ករណី​ថ្មី​ក៏ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។​

​យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យា​ការរៀប​អាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។ ល​។​
​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។​
​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។​
​យើង​បានធ្វើ​តេស្ត​ចំនួន 14684 ស្មើនឹង 903 ក្នុង​១​លាន​នាក់​។​

​លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែងថា ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ទី​១២២ បាន​ព្យាបាល​ជាសះស្បើយ គឺ​ស្ត្រីជន​ជាតិខ្មែរ អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​លេ​ឡៃ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបាន​ឯកឧត្តម​សាស្ត្រាចារ្យ​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សម្រេច​បញ្ជូនមក​សម្រាក​ព្យាបាល បន្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត នា​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០ នោះ បច្ចុប្បន្ន​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ដោយ​ទទួលបាន​លទ្ធផល​តេស​ត្ត អវិជ្ជមាន​វីរុស​១៩ ចំនួន​២​ដង ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ។ ស្ត្រី​រូបនេះ ជា​ករណី​ជំងឺ​កូ​វីដ​១៩ ទី​១២២ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត បាន​ព្យាបាល​ជាសះស្បើយ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ព្យាបាល​បានជា​សះស្បើយ​កើន​បាន​១០០​ភាគរយ ហើយ​មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នេះឡើយ​។ ដើម្បី​ជាការ​លើកទឹកចិត្ត ក្រសួងសុខាភិបាល សូម​អបអរសាទរ ដល់​ស្ត្រី​រូបនេះ ដែល​បាន​ព្យាបាល​ជាសះស្បើយ ហើយក៏​សូម​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ និង​អំណរ​សាទរ​ជូនពរ​យ៉ាង​កក់ក្តៅ រាក់ទាក់ ចំពោះ​ស្ត្រី​ដែលជា​ករណី​ជំងឺ​កូ​វីដ​១៩ ទី​១២២​ផងដែរ​។​

​លោកជំទាវ បាន​បញ្ជាក់ថា ការចេញផ្សាយ​សេចក្តី​ជូន​ព័ត៌មាន​ប្រចាំថ្ងៃ និង​ការធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍ ត្រូវបាន​ផ្អាក​ធ្វើជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃអាទិត្យ ទី​១៧ ខែឧសភា ឆ្នាំ​២០២០​តទៅ​។ នៅពេល​ខាងមុខនេះ ប្រសិនបើ​មាន​ឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ឬ​ការវិវឌ្ឍ​ថ្មី​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា ក្រសួង​នឹង​ជម្រាបជូន​ដំណឹង​ជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ជាមិនខាន​ឡើយ​។

​លោកជំទាវ បាន​បញ្ចា​ក់ថា ការផ្អាក​ជូន​ព័ត៌មាន និង​ការផ្អាក​ធ្វើ​សន្និសីទ​សារព័ត៌មាន​នេះ មិនមែនជា​ការបង្ហាញ​ពី​ការចម្លង​វីរុស​កូ​វីដ​១៩​នៅ​កម្ពុជា ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​នោះឡើយ​។ ថ្វីត្បិតតែ​ករណី​ជំងឺ​កូ​វីដ​១៩ ទី​១២២ បាន​ព្យាបាល​ជាសះស្បើយ និង​មិនមាន​ការរកឃើញ​ករ​ណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី​ក៏ពិតមែន តែ​ហានិភ័យ​នៃ​ការចម្លង​វីរុស​កូ​វីដ​១៩​នេះ នៅតែមាន​ចំពោះមុខ​យើងទាំងអស់គ្នា​នៅឡើយ ល្គិ​កណា​សាកលលោក និង​ប្រទេសជិតខាង​ក្នុង​តំបន់ នៅតែមាន​កំណើន​នៃ​ករណី​ឆ្លង​ថ្មី ប្រទេស​កម្ពុជា នៅតែ​ប្រឈម​ទៅនឹង​ហានិភ័យ​នៃ​ការ​ចម្លងជំងឺ​កូ​វីដ​១៩​។ ដូច្នេះហើយ​បុគ្គល​គ្រប់រូប​ត្រូវតែ​បន្ត​ការប្រុងប្រយ័ត្ន និង​តាមដាន​សុខភាព​ផ្ទាល់ខ្លួន ជា​ចាំបាច់ ជាពិសេស​បងប្អូន​ដែល​ចល័ត ឬ​ធ្វើ​បម្លាស់​ទី​នៅតាម​ច្រកចេញចូល​អន្តរជាតិ និង​ច្រករបៀង ឬ​តាម​ព្រំដែន​នានា ដែល​ត្រូវតែ​អនុវត្ត​ប្រកាន់ខ្ជាប់​នូវ​វិធានការ​ការពារ​ចាំបាច់ ដើម្បី​សុខភាព ផ្ទាល់ខ្លួន​មិនមាន​វីរុស​កូ​វីដ​១៩ និង​ជំងឺឆ្លង​ផ្សេងៗ​ទៀត​៕

អត្ថបទដែលជាប់ទាក់ទង