ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅក្រម ព្រះរាជអាជ្ញា និង​ក្រឡាបញ្ជី​ណា​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​មិនត្រូវ​អត់ឱន​ឱ្យ​ជាដាច់ខាត​

107

 

​ភ្នំពេញ ៖​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ បាន​ព្រមាន​ទុក​មុន​មិន​អត់ឱន​ឲ្យ​ជាដាច់ខាត ចំពោះ​ចៅក្រម ព្រះរាជអាជ្ញា និង​ក្រឡាបញ្ជី​រូប​ណា ដែល​ឆ្លៀតឱកាស​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងពេល​យុទ្ធ​ន​ការដោះស្រាយ​បញ្ហា​កកស្ទះ សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ប្រកាស​ដាក់ចេញ​នូវ​យុទ្ធនាការ ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី កើត រិ​ទ្ធ ដែល​ទើប​ឡើងកាន់តំណែង​ជា​រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌ បាន​អះអាងថា សម្រាប់​ចៅក្រម ព្រះរាជអាជ្ញា ដែល​ប្រព្រឹត្ត​កំហុស​វិជ្ជាជីវៈ អាច​ប្រឈម​នឹង​ការបញ្ចប់​ការងារ​ភ្លាមៗ​តែម្ដង​។ ឯកឧត្តម​រដ្ឋមន្ដ្រី កើត រិ​ទ្ធ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​យើង​មិន​អនុញ្ញាត​ឲ្យ​មាន​ករណី​ត្រីងៀត​ឆ្លៀត​ពង​នោះទេ មានន័យថា មិន​អនុញ្ញាត​ឲ្យ​យក​ឱកាស នៃ​យុទ្ធនាការ​នេះ ដើម្បី​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ ឬក៏​ជា​អំពើ​មួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ​។ ចឹ​ង​អភិក្រម​ការងារ​នេះ យើង​នឹង​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី​ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​ទទួល​មកវិញ​ជាមួយនឹង​ការឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ទាំង​ផ្នែក​ផ្លូវច្បាប់ ទាំង​ផ្នែក​វិជ្ជាជីវៈ​”​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​ថ្លែង​រំពឹងថា វិធានការ​ថ្មី​របស់ខ្លួន នឹង​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​បាន​រហូតដល់ ៧០​ភាគរយ និង​ប្រកបដោយ​តម្លាភាព​នៅក្នុង​រយៈពេល​ត្រឹម ៦​ខែ​ខាងមុខ​។ យុទ្ធនាការ​នេះ​មាន​កិច្ចសហការ​ពី​ក្រសួង​ពាក់ព័ន្ធ​នានា ក្នុងនោះ​ក៏មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ​។ ការដាក់ចេញ​វិធានការ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ។​

​ឯកឧត្តម កើត រិ​ទ្ធ បាន​ថ្លែង​បញ្ជាក់ថា “​ពាក្យ​បួន​ម៉ាត់​ដែល​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានដាក់​នោះ គេ​ហៅថា ជា​គម្រប់​នៃ​យុទ្ធនាការ​តែម្តង លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​។ វិធានការ​នេះ នឹងចូលរួម​ចំណែក​ព​ង្រឹ​ង​សមត្ថភាព​ចៅក្រម និង​ព្រះរាជអាជ្ញា កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​ព​ន្លឿ​ន​យុត្តិធម៌​ដល់​ជនជាប់ចោទ​”​។​

​ឯកឧត្តម កើត រិ​ទ្ធ បាន​អះអាងថា បញ្ហា​កកស្ទះ​សំណុំរឿង​ដែល​បានកើត​ឡើង​នោះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​របស់​ម​ន្ត្រី​តុលាការ​ទេ ដោយ​ថា បញ្ហា​នេះ​វា​កើតចេញពី​កង្វះ​ធនធានមនុស្ស បច្ចេកទេស ការកើនឡើង​នៃ​បទល្មើស​គ្រឿងញៀន និង​ការអនុវត្ត​នីតិវិធីរ​បស់​ព្រះរាជអាជ្ញា​មួយចំនួន​។ ព្រះរាជអាជ្ញា​មាន​សិទ្ធិ ៣​យ៉ាង​នៅក្នុង​ការអនុវត្ត​នីតិ​វិធី​ចោទប្រកាន់ ក្នុងនោះ​មានការ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​ផ្ទាល់ ការបង្ហាញ​ខ្លួន​ភ្លាមៗ និង​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​។ ការអនុវត្ត​ជាក់ស្តែង ព្រះរាជអាជ្ញា​ប្រើ​ជម្រើស​ទី​៣​ស្ទើរ​ទាំងអស់ ដែល​លោក​ថា ជា​មូលហេតុ​ធ្វើឱ្យ​កកស្ទះ ខណៈ​ច្បាប់​អនុញ្ញាតិ​តែ​បទឧក្រិដ្ឋ និង​បទមជ្ឈិម​ស្មុគស្មាញ​ប៉ុណ្ណោះ ទើប​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​។​

​ឯកឧត្តម កើត រិ​ទ្ធ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ការធ្វើកំណែទម្រង់​ប្រព័ន្ធតុលាការ វា​ត្រូវ​ផ្តើមចេញពី​ការបង្កើន​សមត្ថភាព​ម​ន្ត្រី​តុលាការ​ជាមុន​។​

​ឯកឧត្តម​រដ្ឋមន្ដ្រីក្រសួង​យុត្តិធម៌​បាន​ថ្លែងថា ក្រសួងយុត្តិធម៌ ធ្លាប់បាន​ជួយ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ដែល​នេះ​មានន័យថា ប្រសិនបើ​មាន​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​យុទ្ធនាការ​នេះ គឺ​ក្រសួងយុត្តិធម៌ នឹង​ចាត់​នីតិវិធី​ឆ្លើយតប​ដោយ​ម៉ឺងម៉ាត់​។ ឯកឧត្តម បន្ថែមថា ក្រសួងយុត្តិធម៌ ក៏បាន​ជួប​ជាមួយ​សាលាជម្រះក្ដី​ជាន់ខ្ពស់​ដែរ ហើយ​បន្ដទៀត​នេះ នឹង​ជួប​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម ដើម្បី​ធានាថា កំហុស​ផ្នែក​វិជ្ជាជីវៈ ក៏ត្រូវ​ឆ្លើយតប​ជាមួយ​ការទទួលខុសត្រូវ​ផ្នែក​វិជ្ជាជីវៈ​ដូចគ្នា​ផងដែរ ហើយ​កំហុស​វិន័យ​ធំជាងគេ​ផ្នែក​វិជ្ជាជីវៈ ដែល​អាច​រកឃើញ គឺ​ការបណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​តែម្ដង​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ដ្រី កើត រិ​ទ្ធ ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន ត្រូវ​ចូលរួម​ផ្ដល់ព័ត៌មាន​មក​ក្រសួងយុត្តិធម៌ ក្នុងករណី​ឃើញ​មាន​ភាពមិនប្រក្រតី​ណាមួយ​ដែល​បាន​កើតឡើង នៅក្នុង​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​នេះ ដើម្បី​ផ្ដល់​ភាពយុត្តិធម៌​ជូន​ជនរងគ្រោះ​៕​

អត្ថបទដែលជាប់ទាក់ទង