ពិធីរំលឹកវិញ្ញាណក្ខន្ធថ្ងៃទី២០ឧសភាឆ្នាំ នេះត្រូវបានផ្អាកហើយ ដោយសារ បញ្ហាជំងឺកូវីដ-១៩
ភ្នំពេញ៖ ពិធីរំលឹកវិញ្ញាណក្ខន្ធថ្ងៃទី២០ឧសភាដែលរដ្ឋបាលរាជធានីភ្នំពេញដូចជានៅតាមបណ្ដាលខេត្តនានាតែងតែប្រារព្ធធ្វើឡើង នៅក្នុងដែនដីរបស់ខ្លួនជារៀងរាល់ឆ្នាំនោះ។ ដោយឡែកសំរាប់ឆ្នាំនេះ ការធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធ២០ឧសភា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃ២០ឧសភាឆ្នាំ២០២០នេះ ត្រូវបានផ្អាកធ្វើហើយ ដោយបញ្ហាជំងឺកូវីដ–១៩ដែលបាននិងកំពុងរីករាលដាលពេញពិភពលោក ហើយកម្ពុជាក៏ជាប្រទេសមួយ បានប្រឈមនឹងបញ្ហានេះដែរនោះ។
នេះបើយោងតាមលិខិតមួយច្បាប់ជម្រាបជូនមកគណៈកម្មាធិការគណបក្សរាជធានី – ខេត្តដែលចុះហត្ថលេខាដោយសម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែល
ក្នុងលិខិតនេះមានន័យដើមទាំងស្រុងថា ៖
ជំរាបមក ឯកឧត្តម លោកជំទាវប្រធានគណៈកម្មាធិការគណបក្សប្រជាជនរាជធានី ខេត្ត កម្មវត្ថុ អំពីការផ្អាកធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធថ្ងៃ២០ឧសភាឆ្នាំ២០២០ យោងតាមលិខិតលេខ ០២៥/១៨ លគ.គក ចុះថ្ងៃទី៩ឧសភាឆ្នាំ២០១៨ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលស្ដីពីការរៀបចំពិធីរំឭកវិញ្ញាណក្ខន្ធថ្ងៃ២០ឧសភា។
តាមកម្មវត្ថុនិងយោងខាងលើ គណៈកម្មការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមជម្រាបជូន ឯកឧត្តមលោកជំទាវប្រធានគណៈកម្មាធិការគណបក្សរាជធានី ខេត្តទាំងអស់ ជ្រាបថា ដោយបញ្ហាកូវីដ–១៩កំពុងរីករាលដាលពេញពិភពលោក ដូច្នេះការរៀបចំពិធីជួបជុំដើម្បីរំឭកវិញ្ញាណក្ខន្ធដែលគណបក្សតាមបណ្ដាលថ្នាក់ត្រៀមរៀបចំធ្វើនៅថ្ងៃទី ២០ខែឧសភាឆ្នាំ ២០២០ខាងមុខ ត្រូវផ្អាកធ្វើក្នុងឆ្នាំនេះ។
បើយោងតាមអនុក្រឹត្យស្តីពីទិវាជាតិនៃការចងចាំ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ បានសម្រេចថា ត្រូវបានកំណត់យកថ្ងៃទី២០ខែឧសភា ជារៀងរាល់ឆ្នាំ ជា ទិវាជាតិនៃការចងចាំ ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៃព្រះរាជាណចក្រកម្ពុជា សម្រាប់ជាការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បី ៖ លើកតម្កើងការគោរពវិញ្ញាណក្ខន្ធនិងការធ្វើបុណ្យឧទ្ធិសដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំលឹកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់ជនរងគ្រោះ ទោះជានៅរស់ ឬបានបាត់បង់ជីវិតក៏ដោយ ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ ចូលរួមក្នុងផ្សះផ្សាជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឲ្យកើតមានឡើងសាជាថ្មី។
ថ្វីត្បិតស្រមោលអន្ធកាលដ៏ខ្មៅងងិតបានកន្លងផុតទ
៤ទស្សវត្សក៏ដោយចុះ តែស្លាកស្នាមនៃសោកនាដកម្មប្រល័យពូជសាសន៏ នៅតែដក់ជាប់ក្នុងបេះដូងកូនខ្មែរគ្រប់ៗរូបនិងហាក់ដូចជានៅថ្មីៗស្រស់ៗនៅឡើយ។មហាសោកនាដកម្ម និងវិនាសកម្មប្រល័យពូជសាសន៏នៃរបបដ៏ព្រៃផ្សៃ៣ឆ្នាំ ៨ខែនិង២០ថ្ងៃបានធ្វើឲ្យជីវិតជនស្លូតត្រង់នៃប្រជាជនកម្ពុជាជាង៣លាននាក់ត្រូវបានគេកាប់សម្លាប់ និងរាប់លាននាក់ទៀត ត្រូវព្រាត់ប្រាស់បែកបាក់គ្រួសារ ហើយក៏ពុំមានគ្រួសារខ្មែរណាម្នាក់ដែលដែលមិនបាត់បង់សមាជិកគ្រួសារនោះទេ។ស្ត្រីមេម៉ាយ ក្មេងកំព្រា និងជនពិការជាដើមមាននៅពាសពេញផ្ទៃប្រទេសក្រោមស្នាដៃតែ១នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៏៣ឆ្នាំ៨ខែនិង២០ថ្ងៃ។ថ្ងៃ២០ឧសភា ក៏ជាសាររំលឹកទៅដល់កូនខ្មែរគ្រប់រូប ក៏ដូចមនុស្សជាតិលើសាកលលោកកុំភ្លេចនូវរបបប្រល័យពូជសាសន៏ដ៏សាហាវឃោឃៅនិងគួអោយស្អប់ខ្ពើមនេះ៕