ប្រទេសកម្ពុជា បានប្រឹងប្រែង អស់ពីសមត្ថភាព ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័ស ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព និងបានព្យាបាលអ្នកជំងឺកូវីដ-១៩
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បើតាមការប៉ាន់ស្មានរបស់អ្នកវិទ្យាសាស្ត្រ ក៏ដូចជាអង្គការសុខភាពពិភពលោក ជំងឺកូវីដ-១៩ អាចនឹងបន្តមានវត្តមានជាច្រើនឆ្នាំទៅមុខទៀតដោយមកទល់ពេលនេះ ក៏ពុំទាន់រកឃើញវ៉ាក់សាំង ឬថ្នាំព្យាបាលមានប្រសិទ្ធភាពសម្រាប់ជំងឺកូវីដ១៩នេះនៅឡើយ ។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ស្តីពីការចូលរួមរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងមហាសន្និបាតសុខភាពពិភពលោកលោកទី ៧៣ តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ១៨ ឧសភា ឆ្នាំ២០២០ ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នាឱកាសចូលរួមក្នុងមហាសន្និបាតតាមរយៈប្រព័ន្ធវីដេអូ បានថ្លែងថា
ចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ប្រទេសកម្ពុជា បានប្រឹងប្រែង អស់ពីសមត្ថភាព ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័ស ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព និងបានព្យាបាលអ្នកជំងឺកូវីដ-១៩ សរុបចំនួន១២២ករណី បានជាសះស្បើយទាំងអស់ (១០០%)។ ទោះបីជាបច្ចុប្បន្ន កម្ពុជាមិនមានអ្នកជំងឺ កូវដ-១៩ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ មិនមានករណីឆ្លងថ្មី ដែលត្រូវបានរកឃើញ និងមិនមានស្លាប់ តែដោយសារជំងឺកូវីដ-១៩ នៅមានស្ថានភាព មិនទាន់ធូរស្រាល នៅក្នុងប្រទេស ជាច្រើននៅ លើសកលលោក និងនៅក្នុងតំបន់នៅឡើយ ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវនិងលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋគ្រប់រូប និងអ្នកផ្តល់សេវាសុខាភិបាល មានការយល់ដឹង បន្តអនុវត្តវិធានការការពារ ការចម្លងវីរុសកូវីដ-១៩ ដោយអនុវត្តការផ្លាស់ប្តូរកែប្រែទម្លាប់ និងឥរិយាបថ នៃការរស់នៅរបស់ខ្លួន ឲ្យស្របតាមរបត់នៃការរស់នៅ “សភាពធម្មតាតាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩” និងកាត់បន្ថយផលប៉ះពាល់ នៃជំងឺកូវីដ-១៩ មកលើសុខភាពផ្លូវចិត្ត របស់ប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាសុខាភិបាល ។
បើតាមការប៉ាន់ស្មាន របស់អ្នកវិទ្យាសាស្ត្រ ក៏ដូចជាអង្គការសុខភាពពិភពលោក ជំងឺកូវីដ-១៩ អាចនឹងបន្តមានវត្តមាន ជាច្រើនឆ្នាំទៅមុខទៀត ដោយមកទល់ពេលនេះ ក៏ពុំទាន់រកឃើញវ៉ាក់សាំង ឬថ្នាំព្យាបាលមានប្រសិទ្ធភាព សម្រាប់ជំងឺកូវីដ-១៩ នេះនៅឡើយ ។ ដូច្នេះប្រជាជនកម្ពុជានឹងត្រូវបន្ត រស់នៅដោយមានការប្រុងប្រយ័ត្ន និងចូលរួមបង្ការជំងឺនេះ តាមរយៈអនាម័យដៃស្អាត ការ ពាក់ម៉ាស (ក្នុងករណីចាំបាច់) ប្រើកន្សែង ឬក្រម៉ា ឬ ក្រដាសជូតមាត់សម្រាប់ខ្ទប់មាត់ នៅពេលក្អក កណ្តាស់ និងការរក្សាគម្លាតសង្គម និងមិនត្រូវមានការជួបជុំគ្នា ក្នុងទ្រង់ទ្រាយធំ ។ អ្នកផ្តល់សេវាសុខាភិបាលទាំងអស់ ត្រូវបន្តផ្តល់សេវា ពិនិត្យ និងព្យាបាលនៅក្នុងស្ថានភាព ប្រឈមនឹងជំងឺកូវីដ-១៩ជាបន្តទៅទៀតផងដែរ ។
បច្ចុប្បន្នមិនមានអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងមិនមានករណីឆ្លងថ្មីដែលត្រូវបានរកឃើញ និងមិនមានករណីស្លាប់ដោយសារតែកូវីដ-១៩ ក៏ដោយ «តែដោយសារតែកូវីដ-១៩ នៅមានស្ថានភាពមិនទាន់ធូរស្រាលនៅក្នុងប្រទេសជាច្រើននៅលើសកលលោក និងនៅក្នុងតំបន់នៅឡើយ» ដូច្នេះលោករដ្ឋមន្ត្រីបានអំពាវនាវ និងលើកទឹកចិត្តដល់ពលរដ្ឋកម្ពុជាគ្រប់រូប និងអ្នកផ្តល់សេវាសុខាភិបាលមានការយល់ដឹង បន្តអនុវត្តវិធានការការពារការចម្លងវីរុសនេះ ដោយអនុវត្តការផ្លាស់ប្តូរកែប្រែទម្លាប់ និងឥរិយាបទនៃការរស់នៅរស់ខ្លួនឲ្យស្របតាមរបត់នៃការរស់នៅ «សភាពធម្មតាតាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» និងកាត់បន្ថយផលប៉ះពាល់នៃវីរុសឆ្លងមួយនេះ មកលើសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាសុខាភិបាល ។
ចំពោះវិធានការឆ្លើយតប ទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាបានប្រកាន់ យកអភិក្រមរដ្ឋាភិបាល ទាំងមូល និងសង្គមទាំងមូល។ រាជរដ្ឋាភិបាលកម្ពុជាបាន បង្កើតគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដឹកនាំដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា និងគណៈកម្មការរាជធានី អភិបាល នៃគណៈអភិបាលរាជធានី ផែនការមេសម្រាប់ឆ្លើយតប ទៅនឹងជំងឺ គ្មានករណីកូវីដ-១៩ ដឹកនាំដោយអភិបាលនៃគណៈអភិបាលរាជធានីខេត្តទាំង២៥។ ជាមួយគ្នានេះដែរ កម្ពុជាបានបង្កើត និងកំពុងអនុវត្តនូវផែនការមេសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ដែលផ្តោតលើសេណារីយ៉ូទី៣ផ្សេងគ្នា ៖ សេណារីយ៉ូទី១ ៖ គ្មានករណីកូវីដ ១៩ ឬមានករណីមួយចំនួនតូចដំបូង សេណារីយ៉ូទី២ ៖ មានករណីកូវីដ១៩ ជាចង្កោម សេណារីយ៉ូទី៣ ៖ មានការរាតត្បាតករណីកូវីដ១៩ ក្នុងសហគមន៍។
កម្ពុជាបានបង្កើត និងអនុវត្តនូវផែនការឆ្លើយតបជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក ដែលមានវិស័យអាទិភាពចំនួន ៩ រួមមាន៖ ទី៖(១) ការរៀបចំផែនការ និងការគ្រប់គ្រងហេតុការណ៍ចំពោះមុខ ទី៖(២) ការតាមដាន និងការវាយតម្លៃហានិភ័យ ទី៖(៣) ការរៀបចំមន្ទីរពិសោធន៍ ទី៖(៤) សេវាថែទាំ សុខភាព និងការគ្រប់គ្រងការព្យាបាល ទី៖(៥) ការបង្ការ និងត្រួតពិនិត្យការចម្លងរោគ ទី៖(៦) វិធានការសុខភាព សាធារណៈមិនពាក់ព័ន្ធនឹងឱសថ ទី៖(៧) ទំនាក់ទំនង ហានិភ័យ ទី៖(៨) ការគ្រប់គ្រងច្រកចេញចូលនៅព្រំដែន និងទី៖ (៩) ប្រតិបត្តិការភស្តុភារ ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសតូច តែមានបេះដូងធំ ដែលត្រូវបានគេ ទទួលស្គាល់ ជាសកលសម្រាប់ការ គ្រប់គ្រងព្រឹត្តិការណ៍ នាវាទេសចរណ៍ MS Westerdam កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នៃប្រទេសកម្ពុជា បានសម្រេចឱ្យ នាវាខ្នាតយក្សនេះ ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នេះបញ្ជាក់ឱ្យឃើញពីសណ្តានចិត្ត ល្អប្រពៃ និងបេះដូងមនុស្សធម៌ ពិតប្រាកដ ព្រមទាំងការគោរពសិទ្ធិរស់រានមាន ជីវិតរបស់អ្នកដំណើរជិត ៣.០០០នាក់ នៅលើនាវា នេះ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ។
គួរឱ្យកត់សម្គាល់ ក្នុងអំឡុងពេល មានការរាតត្បាតវីរុស ចេញរោគសញ្ញាជំងឺផ្លូវចិត្ត មួយចំនួនដូចជា កូវីដ-១៩ ប្រជាជន និងអ្នកផ្តល់សេវាថែទាំសុខភាព ស្តេស (Stress) ធ្លាក់ទឹកចិត្ត (Depression) ថប់អារម្មណ៍ (Arixiety) និងសំរាន្តមិនលក់ (Insomnia) ជាពិសេសអ្នកជំងឺកូវីដ-១៩ និងអ្នកប៉ះពាល់។ ការប៉ះពាល់លើ សុខភាពផ្លូវចិត្តនេះ សេដ្ឋកិច្ចគ្រួសារក្នុង គឺអាចបណ្តាលមក ពីការភ័យខ្លាចជំងឺ ក៏ដូចជាការប៉ះពាល់ ជាអវិជ្ជមាន លើស្ថានភាព អំឡុងពេលនៃ ការរាតត្បាតនេះ។ លើសពីនេះទៀត ករណីនៃការរើសអើង ជាតិសាសន៍ ដែលទាក់ទងនឹងជំងឺកូវីដ-១៩ ត្រូវបានគេរាយការណ៍ ជាបន្តបន្ទាប់នៅក្នុងប្រទេស មួយចំនួនផងដែរ ។
ដើម្បីកាត់បន្ថយ ផលប៉ះពាល់លើសុខភាពផ្លូវចិត្ត របស់ប្រជាជនកម្ពុជា ក្រសួងសុខាភិបាល សូមសំណូមពរឲ្យស្ថាប័ន ពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ និងចូលរួមជួយសម្រាល ឬកាត់បន្ថយផលប៉ះពាល់ផ្សេងៗ ដែលលេចចេញ ពីបទអន្តរាគមន៍ទាំងឡាយ សម្រាប់ទប់ស្កាត់ ការរីករាលដាលនៃវីរុសកូវីដ-១៩ នៅកម្ពុជា។
បុគ្គលម្នាក់ៗ ក៏ត្រូវយកចិត្តទុកដាក់ លើសុខភាពរបស់ខ្លួន និងសមាជិកគ្រួសារខ្លួន ដោយឈរលើគោលការណ៍ រក្សាអនាម័យ ហូបម្ហូបអាហារ ដែលមានប្រយោជន៍ដល់សុខភាព និងធ្វើការហាត់ប្រាណឲ្យបានទៀតទាត់។ ការចូលរួមជួយគ្នាទៅវិញទៅមក នៅក្នុងសហគមន៍ ឬការចូលរួមអភិសង្គម ក៏អាចជាសកម្មភាពមួយដែល មានប្រសិទ្ធភាព ក្នុងការលើកកំពស់សុខភាពផ្លូវចិត្តផងដែរ។ ជាការចាំបាច់ ដែលបុគ្គលមានរោគសញ្ញាផ្លូវចិត្ត រ៉ាំរ៉ៃ ត្រូវស្វែងរក សេវាសុខភាពផ្លូវចិត្ត នៅតាមមន្ទីរពេទ្យរដ្ឋ ដើម្បីជួយពិនិត្យ និងព្យាបាល បានទាន់ពេល ។
សម្រាប់អ្នកផ្តល់ សេវាសុខាភិបាល គ្រឹះស្ថានសុខាភិបាល ត្រូវយកចិត្តទុកដាក់រៀបចំ ឲ្យមានបទអន្តរាគមន៍ សេវាសុខភាពផ្លូវចិត្តសម្រាប់អ្នកជំងឺ និងអ្នកផ្តល់សេវាជួរមុខទាំងអស់។ លើសពីនេះ ក្រសួងសុខាភិបាល ក៏បាននិងកំពុងពង្រឹងការផ្តល់ សេវាថែទាំសុខភាពបឋម នៅតាមមូលដ្ឋានសុខាភិបាល សាធារណៈ ទាំងអស់ដើម្បី ឲ្យមានលក្ខណៈសមស្រប ទៅនឹងបរិបទ នៃប្រទេសកម្ពុជា ក្នុងពេលដែលជំងឺកូវីដ-១៩ មានវត្តមាននៅលើពិភព លោកនៅឡើយ ។ បងប្អូនគ្រូពេទ្យជួរមុខទាំងអស់ បានប្រយុទ្ធនឹងសត្រូវ ដ៏កាចសាហាវ ដែលមើលមិនឃើញនឹង ភ្នែកដោយសេចក្តីក្លាហាន ជាទីបំផុត និង ការលះបង់ខ្ពស់ ហើយក៏ពុំមានគ្រូពេទ្យកម្ពុជា ណាម្នាក់ទទួលរងគ្រោះ ដោយសារការឆ្លងវីរុសកូរីដ-១៩នោះដែរ ក៏ប៉ុន្តែការប្រុងប្រយ័ត្ន និងការប្រតិបត្តិខ្ជាប់ខ្ជួននូវវិធានការការពារ ការចម្លងវីរុសកូវី៥-១៩ ត្រូវតែបន្តអនុវត្ត សម្រាប់បុគ្គលគ្រប់រូប ស្របតាមបរិបទការពាររលកទីពីរ នៃការចម្លង វីរុសកូវីដ-១៩នៅកម្ពុជា ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រទេសកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះភាពជាអ្នកដឹកនាំ និងការសម្របសម្រួល របស់អង្គការសុខភាព ពិភពលោកក្នុងការឆ្លើយតប ជាសកលចំពោះជំងឺកូវីដ-១៩ សុខភាពពិភពលោក និងបណ្តាប្រទេសនានាព្រមទាំងបន្តកិច្ចសហការជាមួយអង្គការ ក៏ដូចជាដៃគូអភិវឌ្ឍន៍ដើម្បីប្រយុទ្ធនឹងជំងឺថ្មីនេះ៕