រាជរដ្ឋាភិបាល អនុញ្ញាតឱ្យជនបរទេស មកពីប្រទេសចំនួន៦ ចូលមកកាន់ប្រទេសកម្ពុជា
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យភ្ញៀវបរទេស មកពីប្រទេសចំនួន៦ រួមមាន អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញ។
ជនបរទេសនៅប្រទេសទាំងនោះ ត្រូវបានរដ្ឋាភិបាលកម្ពុជា បិទមិនឱ្យចូលមកកម្ពុជាឡើយ ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីមានការផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងក្លា នាពេលកន្លងមក។
ការអនុញ្ញាតឱ្យភ្ញៀវបរទេស មកពីប្រទេសនេះ ចូលមកកម្ពុជាឡើងវិញ ធ្វើឡើងតាមចំណារឯកភាព និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ និងយោងតាមការវិវត្តន៍សភាពការណ៍ នៃការរីករាលដាលជំងឺកូវីដ១៩។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ឱ្យដឹងថា ការអនុញ្ញាតឱ្យភ្ញៀវបរទេស មកពីប្រទេសទាំងនេះ ចូលមកកម្ពុជាឡើងវិញ ធ្វើឡើងតាមចំណារឯកភាព និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ និងយោងតាមការវិវត្តន៍សភាពការណ៍នៃការរីករាលដាលជំងឺ Covid-19 ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ៖
១-និរាករណ៍ការផ្អាកមិនឱ្យជនបរទេសមកពីប្រទេស អឺរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្បាញ បារាំង និងអាមេរិក ដែលមានចែងនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងកាលពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០។
២-គ្រប់អ្នកធ្វើដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជាទាំងជនជាតិខ្មែរ និងជនបរទេស គឺតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព បញ្ជាក់ថា គ្មានមេរោគ Covid-19 ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលសាម៉ីក្នុងរយៈពេល ៧២ ម៉ោង ។
បន្ថែមពីលើសនេះ ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាពក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារអាមេរិកក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងត្រូវគោរពតាមវិធានផ្សេងៗ ទៀត ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ។
៣- អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេសដែលធ្វើដំណើរចូលមកដល់កម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរងចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគ Covid-19 និងរងចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។
ជនបរទេសនៅប្រទេសទាំងអ៊ឺរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា បិទមិនឱ្យចូលមកកម្ពុជាឡើយ ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីមានការផ្ទុះនូវការរីករាលដាលជំងឺ Covid-19 នៅក្នុងប្រទេស និងសកលោកកាន់តែខ្លាំងក្លានាពេលកន្លងមក៕ដោយ៖កូឡាប