គណៈសង្ឃនាយក ប្រតិកម្មនឹងសម្តីរបស់លោក ខាន់ សុវណ្ណ ដែលចង់ឱ្យមានការផ្សឹកព្រះសង្ឃព្រះជន្មក្រោម ៥៦វស្សា
ភ្នំពេញ ៖ បន្ទាប់ពីលោក ខាន់ សុវណ្ណ ដែលចង់ឱ្យមានការផ្សឹកព្រះសង្ឃព្រះជន្មក្រោម ៥៦វស្សា ដើម្បីយកកម្លាំងពលកម្មទៅបម្រើវិស័យសំណង់កំពុងខ្វះខាត នៅថ្ងៃទី២១ខែឧសភា ឆ្នាំ២០២០នេះ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ប្រតិកម្ម បដិសេធយ៉ាងដាច់អហង្ការ ដែលឆ្លុះបញ្ចាំងពីភាពអសីលធម៌ គំនិតលាមក និងភាពយង់ឃ្នងសាហាវព្រៃផ្សៃបំផុត។
សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅ លោក ខាន់ សុវណ្ណ បានសរសេរនៅលើ ហ្វេសប៊ុក របស់ខ្លួនដែលឈ្មោះថា “សុវណ្ណ ខាន់ អពប” យ៉ាងដូច្នេះថា “កម្ពុជាកំពុងខ្វះខាតកម្លាំងពលកម្មក្នុងវិស័យសំណង់ និងត្រូវការកម្មករជំនាញ និងគ្មានជំនាញជាច្រើនម៉ឺននាក់ដើម្បីបង្គ្រប់ទីផ្សារ ។ 1/ ចាត់ការផ្សឹកលោកសង្ឃដែលកំពុងពេញកម្លាំងក្រោម អាយុ៥៦ឆ្នាំចោលឲ្យអស់ ។ 2/ ចាត់ការតម្លើងប្រាក់ឈ្នួលរបស់កម្មករសំណង់នោះឲ្យបានស្មើតម្លៃពលកម្មរបស់ប្រទេសថៃ ។ តើអាចទៅរួចដែរទេ ? “។
ក្រោយពីការបង្ហោះសាររបស់លោកខាន់ សុវណ្ណ ប្រមាថមាក់ងាយមកលើព្រះសង្ឃពុទ្ធសាសនាគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេសបែបនេះ នៅថ្ងៃទី២០ ឧសភា ២០២០ គណៈសង្ឃនាយក បានចេញសេចក្តីថ្លែងការណ៍ ធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះគំនិតយោបល់នេះ ហើយពុំអាចទទួលយកបានជាដាច់ខាត ។ ក្នុងបរិបទនេះ គណៈសង្ឃនាយកយល់ឃើញថា គំនិតយោបល់នេះ បានបង្កប់នូវអត្ថន័យខ្លឹមសារ និងការឆ្លុះបញ្ចាំងដូចជា ភាពអសីលធម៌ គំនិតលាមក និងភាពយង់ឃ្នងសាហាវឃោរឃៅព្រៃផ្សៃបំផុត ការប្រមាថមាក់ងាយមកលើព្រះសង្ឃពុទ្ធសាសនា គ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ការបង្វែរគំនិតមហាជនឲ្យដើរជាន់ដានប្រវត្តិសាស្ត្រ ល្វីងជូរចត់ (បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ) ជារបបខ្មៅងងិតទមិឡ ឥតសាសនាដែលពិភពលោក និងមនុស្សជាតិស្អប់ខ្ពើមជាទីបំផុត។ គំនិតខ្វះការគិតគូរវែងឆ្ងាយ ខ្វះពិសោធន៍ ខ្វះចំណេះដឹងប្រវត្តិសាស្ត្រ គ្មានសុចរិតភាព គ្មានភាពយុត្តិធម៌ និងគ្មានសេចក្តីថ្លៃថ្នូរក្នុងការប្រើប្រាស់សំណេរ និងការបញ្ចេញមតិ។
គណៈសង្ឃនាយក សូមសម្តែងនូវការព្រួយបារម្ភ និងសោកស្តាយជាទីបំផុត ហើយថ្កោលទោសចំពោះសំណេរ និងការលើកឡើងរបស់លោក ខាន់ សុវណ្ណ ដោយចាត់ទុកថា ជាការខ្វះវិចារណញាណ ខ្វះសុភវិនិច្ឆ័យ ប្រកបដោយភាពអគតិ និងទុទិដ្ឋិនិយម ដើរថយក្រោយ គំនិតផ្ទុយពីវឌ្ឍនភាពសង្គម សាសនា និងវប្បធម៌៕
សេចក្តីថ្លែងការណ៍ របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា មានដូចខាងក្រោមនេះ ៖