រយៈពេល២សប្ដាហ៍ ដើមខែឧសភានេះ ចលនាទេសចរ ក្នុងស្រុក បានបន្តកើនឡើង បណ្ដើរៗវិញហើយ
ភ្នំពេញ៖ រយៈពេល២សប្ដាហ៍ដើមខែឧសភា ឆ្នាំ២០២០នេះ ចលនាទេសចរក្នុងស្រុកបានបន្តកើនឡើងបណ្ដើរៗវិញហើយ ជាក់ស្ដែងភ្ញៀវទេសចរប្រមាណជាង ២៥ ម៉ឺននាក់បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ដែលមានការកើនឡើងជិត ៤៧% បើធៀបនឹងពីរសប្តាហ៍ចុងខែមុន។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ។
បើតាមឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងថា “សម្រាប់រយៈពេលចាប់ពីថ្ងៃទី៤-១៧ ខែឧសភា ឆ្នាំ២០២០ ភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានា ទូទាំងប្រទេស បានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ដោយមានចំនួនសរុបប្រមាណ ២៥៦.៥៤១នាក់ កើនឡើង ៤៦,៧៦ភាគរយធៀប នឹងពីរសប្តាហ៍នៃចុងខែមេសាកន្លងមក”។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ចំណោមភ្ញៀវទេសចរសរុបជាង ២៥ម៉ឺននាក់នោះ មានភ្ញៀវជាតិមានប្រមាណ ២៥៣.២៥៦ នាក់កើនឡើង ៤៦,៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ ៤.២៨៥ នាក់កើនឡើង ៧,៤៧ ភាគរយ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ប្រជាពលរដ្ឋ និងទេសចរបរទេសផ្ទៃក្នុង ភាគច្រើនបានធ្វើដំណើរ ទៅកាន់តំបន់អេកូទេសចរណ៍ នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ចំពោះមុខ នៃការកើនឡើងចលនាទេសចរផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍ បានសហការជាមួយវិស័យឯកជន រៀបចំនូវវិធានការ (ស្ដង់ដារពិសេស) សម្រាប់សុវត្ថិភាពទេសចរណ៍ ក្នុងនោះរួមមានក្រមប្រតិបត្តិ គោលការណ៍ណែនាំចាំបាច់មួយចំនួនបន្ថែម ពីលើវិធានការសុវត្ថិភាព និងអនាម័យ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសលក្ខខណ្ឌតម្រូវចាំបាច់មួយចំនួន ចំពោះបុគ្គលិក ភ្ញៀវទេសចរ និងដៃគូសហប្រតិបត្តិការ តាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ដែលនឹងបញ្ចប់ក្នុងសប្តាហ៍ក្រោយនេះ៕