ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ៖ទទួលអំណោយ ម៉ាស៊ីនចំហ៊ុយឯកសារការងារ សម្លាប់មេរោគ កូវិដ-១៩ពីប្រទេសជប៉ុន

85

ភ្នំពេញ៖ ដើម្បីចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ-១៩និងជំងឺ
ផ្សេងៗ ក្រុមហ៊ុន TANICHU នៃប្រទេសជប៉ុន បាននាំយកអំណោយសប្បុរសធម៏
ម៉ាស៊ីនចំហ៊ុយឯកសារការងារ សម្លាប់មេរោគគ្រប់ប្រភេទមកផ្ដល់ជូន លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន សម្រាប់ទុកប្រើប្រាស់ និងធានាសុវត្ថិ ភាពចំពោះរាល់ឯកសារនានាដែលបាននិងកំពុងប្រតិបត្តិការងារនៅក្នុងក្រសួង។
ក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសម និងនាំយកនូវម៉ាស៊ីនចំហ៊ុយ ឯកសារ​ការងារ សម្លាប់មេរោគ ប្រគល់ជូន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង​ព័ត៌មាន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន លោក TANI SHUNJI នាយកប្រតិបត្តិក្រុមហ៊ុន TANICHU នៃប្រទេសជប៉ុន បានជម្រាបជូនពីដំណើរ​ការងាររបស់ក្រុមហ៊ុន ក្នុងការវិនិយោគលើវិស័យសំណង់នៅក្នុងប្រទសកម្ពុជា ដែលរហូត​មកដល់ពេលនេះ ក្រុមហ៊ុនបាន​សាងសង់ខុនដូរ នៅតំបន់បឹងកេងកង រាជធានីភ្នំពេញ បានចំនួន ៤ កន្លែងរួចមកហើយ។
លោកបានបន្ដថា ក្រុមហ៊ុននៅបន្តការសាងសង់​សំណង់​អគារខុនដូរខ្ពស់ៗ រហូតដល់ ៤៣ ជាន់ ទៀត តែដោយសាររយៈពេលប៉ុន្មាន​ខែមកនេះ ជួបបញ្ហានៃជំងឺកូវីដ-១៩ ក្រុមហ៊ុនក៏បានផ្អាកការងារសាងសង់ខ្លះៗផងដែរ ។
ជាមួយគ្នានេះ លោក TANI SHUNJI បានបញ្ជាក់ជូន លោករដ្ឋមន្រ្ដីផងដែរ​ពីការ​ចូលរួមផ្សព្វផ្សាយរបស់លោកជូនដល់ប្រជាជនជប៉ុន ដើម្បីឱ្យបានដឹងពីសក្តានុពល​ទេស​ចរណ៍ ការវិនិយោគទុន និងវិស័យសេដ្ឋកិច្ចកម្ពុជា ដែលមានការ រីកចម្រើនល្អ ហើយក៏បាន​ជំរុញឱ្យភ្ញៀវទេសចរជប៉ុន នៅពេលរដូវរងារ មកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា ព្រោះ​មាន បរិយាកាស និងធាតុអាកាស អំណោយ ផលល្អ ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួង ព័ត៌មានបានមានប្រសាសន៍គាំទ្រ នូវរាល់​កិច្ចការងារវិនិយោគរបស់លោក TANI SHUNJI នាយកប្រតិបត្តិក្រុមហ៊ុន TANICHU នៃ​ប្រទេសជប៉ុនលើវិស័យសំណង់ ខុនដូរ នៅក្នុងប្រទេសកម្ពុជា។
លោកក៏បានរំលឹកឡើង​វិញ​នូវការដឹងគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបាន ជួយឧត្តម្ភគាំទ្រ​ដល់​ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ចាប់តាំងពីពេលចប់សង្រ្គាមដំបូងមកម្ល៉េះ ហើយក៏នៅបន្តជួយរហូតដល់ពេលបច្ចុប្បន្ននេះទៀត ដែលជាការបង្ហាញនូវ ចំណង​មិត្ត​ភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងកាន់តែរឹងមាំ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន៕ ដោយ៖ សំរិត

 

អត្ថបទដែលជាប់ទាក់ទង