រកឃើញ អ្នកផ្ទុកកូវីដ១៩ម្នាក់ទៀត នៅភ្នំពេញ
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសថា រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ យើងរកឃើញករណីកូវីដ-១៩ ចំនួន១នាក់ថ្មីទៀត ។ គាត់ជាស្ត្រី ជនជាតិខ្មែរ ធ្វើដំណើរពីសហរដ្ឋអាមេរិក ឆ្លងកាត់កូរ៉េខាងត្បូង វិលត្រឡប់មកមាតុប្រទេសវិញ ធ្វើឲ្យចំនួនកូវីដ១៩កើនដល់ ១២៤នាក់ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ខែឧសភានេះ បញ្ជាក់ថា អ្នកដែលទើបរកឃើញមានផ្ទុកមេរោគកូវីដ១៩នេះ ជាស្ត្រីជនជាតិខ្មែរអាយុ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រសួងបញ្ជាក់ថា ស្ត្រីវ័យ៣៩ឆ្នាំរូបនេះ ត្រឡប់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់កូរ៉េខាងត្បូង ហើយមកដល់កម្ពុជា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។
អ្នកមានកូវីដ១៩ គិតមកត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ មានចំនួន១២៤នាក់ក្នុងនោះ ស្ត្រី៣៨នាក់។ ក្នុងចំណោមអ្នកដែលមានកូវីដ១៩ទាំងនេះ ក្រសួងសុខាភិបាល ព្យាបាលជាចំនួន១២២នាក់ និងនៅសល់២នាក់ (ស្ត្រីម្នាក់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ៕