ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកដំណើរ ២​នាក់ នៅ​រស់រានមានជីវិត ក្នុង​ហេតុការណ៍ ធ្លាក់​យន្តហោះ នៅ​ប៉ា​គី​ស្ថាន ដែល​ផ្តាច់ជីវិត​មនុស្ស​ ​ជិត ១០០​នាក់​

141

​អ្នកដំណើរ​ដ៏​មានសំណាង​ចំនួន ២​នាក់ បាន​រួច​ផុតពី​សេចក្តីស្លាប់ នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ នៅ​តំបន់ Karachi ប្រទេស​ប៉ា​គី​ស្ថាន​។ មនុស្ស ៩៧​នាក់​បាន​ស្លាប់ ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នោះ​។​

​មុនពេល​ធ្លាក់ អ្នក​បើ​យន្តហោះ Airbus A320 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ប៉ា​គី​ស្ថាន (PIA) បាន​ព្យាយាម​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Jinnah​។​

​ជើងយន្តហោះ PK8303 ប៉ុនប៉ង​ចុះចត ប៉ុន្តែ​នៅពេល​វា​ហោះ​ក្រឡឹង​ម្តងទៀត ម៉ាស៊ីន​វា​ក៏បាន​ខូច និង​បាន​បញ្ចេញ​សញ្ញា​អាសន្ន​។​

​តើ​មូល​ហេតុអ្វី​បណ្តាល​ឲ្យ​មានការ​ធ្លាក់​?

​វា​មិនទាន់​ត្រូវបាន​គេ​បញ្ជាក់ ពី​មូលហេតុ​នៅឡើយ​ទេ ប៉ុន្តែ​ខាងក្រោម​នេះ​ជា​អ្វី ដែល​ពួកយើង​បានដឹង​រហូតមកដល់​ពេលនេះ​។​

​ជើងយន្តហោះ PK8303 កំពុងធ្វើដំណើរ​មក​ជិត​ដល់​ព្រលានយន្តហោះ​អន្តរជាតិ Jinnah នៅ​ម៉ោង​ប្រហែល ២​កន្លះ​រសៀល​។ យន្តហោះ​នោះ​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចុះចត ប៉ុន្តែ​អ្នកបើក​យន្តហោះ បានសម្រេច​ចិត្ត​បោះបង់ចោល និង​បាន​ហោះ​ក្រឡឹង ដើម្បី​ចុះចត​ម្តងទៀត​។​

​គេ​មិនទាន់​បានដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ប៉ុន្តែ​មន្ត្រី​អាកាសចរណ៍​ម្នាក់ បាន​ថ្លែងប្រាប់​សារព័ត៌មាន Reuters​ថា យន្តហោះ​ប្រហែល​មិនអាច​បន្ទាប​ទម្រ​របស់​វា​បាន​។​

​ក្រុម​ស៊ើបអង្កេត​កំពុង​ព្យាយាម​ស្វែងរក​ប្រអប់​ខ្មៅ ដើម្បី​កំណត់​ពី​មូលហេតុ ដែល​ធ្វើ​ឲ្យ​មានការ​ធ្លាក់​យន្តហោះ​។​

​សូមបញ្ជាក់ថា ការធ្លាក់​យន្តហោះ​ដ៏​រន្ធត់​នេះ កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន បានអនុញ្ញាត​ឲ្យ​មានការ​ហោះហើរ ជា​លក្ខណៈ​ពាណិជ្ជកម្ម​ឡើងវិញ ក្រោយពេល​មានការ​ផ្អាក​ដោយសា​រវិ​ប​ត្តិ​កូ​រ៉ូ​ណា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC

អត្ថបទដែលជាប់ទាក់ទង