សម្តេច ស្នើដល់បងប្អូនសាសនិកខ្មែរឥស្លាម ចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភាស្អែកនេះ ជាថ្ងៃបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ប្រកបដោយជោគជ័យ និង អារម្មណ៍ជ្រះថ្លា ហើយនឹងរីករាយស្វាគមន៍បុណ្យរ៉យ៉ាហ្វ៊ីទ្រី សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភព លោក ហើយចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយគោរពអនុវត្តបាន យ៉ាងខ្ជាប់ខ្ជួនទៅតាមសារាចរណែនាំ និង សេចក្ដីណែនាំទៅតាមវិធានការនានា របស់រាជរដ្ឋាភិបាល ។
បើតាមផេកហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ខ្ញុំសូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភព លោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌនប្រកបដោយជោគជ័យ និង អារម្មណ៍ជ្រះថ្លា ហើយនឹងរីករាយស្វាគមន៍បុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃអាទិត្យ ទី ១ ខែ ស្ហាវ៉ាល់ ឆ្នាំ ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ដែលត្រូវនឹងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០ ។
សម្តេច បានលើកឡើងថា ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព រួមគ្នានឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និង គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយគោរពអនុវត្តបាន យ៉ាងខ្ជាប់ខ្ជួនទៅតាមសារាចរណែនាំ និង សេចក្ដីណែនាំទៅតាមវិធានការនានា របស់រាជរដ្ឋាភិបាល ។
ខ្ញុំក៏សូមអំពាវនាវឱ្យបងប្អូនបន្តអនុវត្តតាមនូវរាល់វិធានការនានា របស់រាជរដ្ឋាភិបាល ក្នុងការការពារពីជំងឺកូវីដ-១៩នេះ ទោះបីអ្នកជំងឺកូវីដ-១៩បានជាសះស្បើយអស់ ១២២ នាក់កន្លងមក ហើយទើបមាន នាំចូល មកថ្មីពីរ នាក់ក៏ដោយ ដែលគិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ គឺយើងមិនត្រូវមានការធ្វេសប្រហែស មើលស្រាលចំពោះជំងឺឆ្លងដ៏កាចសាហាវនេះ នោះឡើយ ។
ខ្ញុំ និង ភរិយា សូមបួងសួងឲ្យបងប្អូនទាំងអស់ ទទួលបាននូវសេចក្កីសុខស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចំរើនព្ហារ៉កាត់ សុភមង្គល ក្ដីមេត្តាករុណា និង អាណិត ស្រឡាញ់ពីអល់ឡោះគ្រប់ៗគ្នា និង សុំឲ្យអល់ឡោះ ទទួលយកនូវកុសលផល បុណ្យទាំងឡាយនៃខែបួសរ៉ម៉ាឌន ដែលបងប្អូនបានប្រតិបត្តិកុំបីអាក់ខានឡើយ ៕