ទំនាស់ផលប្រយោជន៍ រឿងកាក់បញ្ឈប់រឺម៉កដឹកឈើ ទារលុយ បុគ្គលិកសារព័ត៌មាន ២អង្គភាព បង្កើតប្រឌិតរឿង ទម្លាក់កំហុស ទៅលើសមត្ថកិច្ច
បាត់ដំបង៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក ករណី ក្បាច់ថ្មីទៀតហើយ! បុរស៤នាក់ជិះរថយន្តមួយគ្រឿងតាំងខ្លួនជាមន្ត្រីជំនាញផង កាសែតផង ធ្វើការឃាត់រឺម៉កដឹកឈើផ្អើលអ្នកភូមិចេញមកមើល រួចមក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្រាវជ្រាវអត្តសញ្ញាណបុរស៤នាក់ដែលកាត់រឺម៉កដឹកឈើ គឺជាទំនាស់រវាងក្រុមអ្នកសារព័ត៌មានចំនួន២ក្រុម ដែលមួយក្រុម មកពីអង្គភាពសារព័ត៌មាន “គេហទំព័រ សៀមរាបទាន់ហេតុការណ៍ “ មានគ្នាចំនួន៤នាក់ ហើយម្ខាងទៀត នៅអង្គភាព”សារព័ត៌មាននគរធំ”។
ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានជម្រាបជូនសាធារណជន ពិសេសបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបថា កាលពីថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២០ អង្គភាពសារព័ត៌មានឈ្មោះថា SKY NEWS ដែលបានចេញផ្សាយថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០២០ មានចំណងជើងថា (ក្បាច់ថ្មីទៀតហើយ! បុរស៤នាក់ជិះរថយន្តមួយគ្រឿង តាំងខ្លួនជាមន្ត្រីជំនាញផង កាសែតផង ធ្វើការឃាត់រឺម៉កដឹកឈើផ្អើលអ្នកភូមិចេញមកមើល)។ ក្រៅពីលើកឡើងនូវចំណងជើងនេះ សារព័ត៌ខាងលើ បានធ្វើការផ្សព្វផ្សាយនូវរូបភាពជាវីដេអូ បង្ហាញមុខបុរសជាម្ចាស់រឺម៉កដឹកឈើ និងរូបថតបុរសម្នាក់ ដែលមានឈ្មោះថា កៅ ពិសិដ្ឋិ ជាមួយនោះផងដែរ ។
ដោយទទួលបាននូវព័ត៌មានបែបនេះ និងដោយទទួលបាននូវអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានចាត់តាំងឱ្យធ្វើការស្រាវជ្រាវជាបន្ទាន់ ចំពោះជនសង្ស័យមួយក្រុម ប្រើប្រាស់រថយន្តមួយគ្រឿង ដែលត្រូវបានបង្ហាញនូវអង្គហេតុថា ជាក្រុមដែលប្រើ (ល្បិចថ្មីក្នុងសកម្មភាពមិនប្រក្រតីណាមួយក្នុងមូលដ្ឋាន) ស្រុកសង្កែ ខេត្តបាត់ដំបង ។ ឆ្លងតាមរយៈនៃការស្រាវជ្រាវនៅថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២០ នេះទទួលបានលទ្ធផលយ៉ាងដូច្នេះគឺ៖ ខ្លឹមសារលើកឡើងខាងលើ គឺបានផ្តើមឡើងដោយសារទំនាស់ រវាងក្រុមអ្នកសារព័ត៌មានចំនួន២ក្រុម ដែលមួយក្រុម មកពីអង្គភាពសារព័ត៌មាន “គេហទំព័រ សៀមរាបទាន់ហេតុការណ៍ “ មានគ្នាចំនួន៤នាក់ដោយមានឈ្មោះ កៅ ពិសិដ្ឋិ ជាអ្នកចេញមុខ ហើយម្ខាងទៀតឈ្មោះ តន់ ប៊ុនថេត នៅអង្គភាព”សារព័ត៌មាននគរធំ” ដែលករណីនេះ កើតឡើងដោយសារក្រុមអ្នកសារព័ត៌មាន គេហទំព័រសៀមរាបទាន់ហេតុការណ៍ បានកាក់ បញ្ឈប់ម្ចាស់រឺម៉កដឹកឈើមួយ នៅចំណុចភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២០ ហើយក្នុងពេលកាក់សាកសួរនេះ ម្ចាស់រឺម៉កបានទូរស័ព្ទទៅប្រាប់ឈ្មោះ តន់ ប៊ុនថេត អំពីរឿងនេះ ហើយកកើតទៅជាជម្លោះពាក្យសម្តីរហូតយកទៅធ្វើការផ្សព្វផ្សាយ អំពីសកម្មភាពមិនល្អពីគ្នាទៅវិញទៅមក ក្នុងបណ្តាញសង្គមនិងគេហទំព័ររៀងៗខ្លួន។
នៅចុងក្រោយ ភាគីជម្លោះបានកែខៃ ច្នៃប្រឌិតឱ្យខ្លឹមសារ នៃការចោទប្រកាន់គ្នានេះ ធ្លាក់ទៅដល់កម្រិត នៃការមន្ទិលសង្ស័យពីសំណាក់សមត្ថកិច្ចចំពោះសកម្មភាពខាងលើ ហើយជាហេតុបង្កឱ្យកើតនូវបញ្ហាអសន្តិសុខ បង្កភាពចលាចលវឹកវរនៅក្នុងសង្គម ដែលចាំបាច់សមត្ថកិច្ចនគរបាល ត្រូវតែចាត់វិធានការស្រាវជ្រាវជាបន្ទាន់។
នៅទីបំផុត អ្នកសារព័ត៌មានអាជីពទាំងសងខាង បានបង្ហាញការពិត នៅចំពោះមុខសមត្ថកិច្ចថា ដោយសារតែកំហឹងនិងការសងសឹក ទើបគាត់ធ្វើបែបនេះដាក់គ្នា ។
ដើម្បីចៀសវាងនូវសកម្មភាព (បំពុល) បែបនេះទៀត ថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងបង្គាប់ឱ្យការិយាល័យជំនាញ ធ្វើកំណត់ហេតុ អប់រំណែនាំ និងកិច្ចសន្យាពួកគាត់ ដែលជាអ្នកសារព័ត៌មានអាជីព កុំឱ្យបន្តប្រព្រឹត្តិនូវសកម្មភាពបែបនេះតទៅទៀត សេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាប ដោយសេចក្តីគោរព៕