រដ្ឋមន្ត្រីក្រសួងកសិកម្មណែនាំ ឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវតែរួមគ្នា ចងក្រងច្បាប់ការពារអណ្តើកហ្លួង
កោះកុង៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឱ្យ រដ្ឋបាលជលផល សហការជាមួយអង្គការ សមាគមអភិរក្សសត្វព្រៃ ដើម្បីរៀបចំចង ក្រងឯកសារផ្លូវច្បាប់ក្នុងបំណងការពារ និងអភិរក្សសត្វអណ្តើកហ្លូង យើងឱ្យបានគង់វង្ស ព្រោះថាសត្វអណ្តើកហ្លួង ដែលជាសត្វមាន ដោយកម្រ និងជិតផុតពូជ និងជាពិសេស ជាសត្វប្រចាំភូមិសាស្ត្រ នៃទឹកដីខេត្តកោះ កុង។ លោកធ្វើការណែនាំបែបនេះ កាលពី ថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ តាមផ្លូវទៅកាន់ក្រុមហ៊ុន Greenrich ដែលជាទិសដៅចុងក្រោយ នៃកម្មវិធីបេសកកម្មចុងសប្តាហ៍ របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោកស្រីមិថុនា ភូថង អភិបាលខេត្ត រួមជាមួយសហការី បានអញ្ជើញមកពិនិត្យមណ្ឌលចិញ្ចឹមអណ្តើកសរសៃ (អណ្តើកហ្លូង) របស់អង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society,WCS) នៅភូមិទួលគគី ឃុំទួលគគី ស្រុកមណ្ឌលស៊ីម៉ា ។
តាមអ្វីដែលលោក អិត ហ៊ុល អ្នកបច្ចេក ទេស បានចិញ្ចឹមសត្វបានឲ្យដឹងថា មណ្ឌលនេះ គឺជាគម្រោងមួយសហការជាមួយរដ្ឋបាលជលផល ប្រមូលដណ្តើកមកចិញ្ចឹម បង្កាត់ពូជ និងអភិរក្ស។ គម្រោងចាប់ដំណើការក្នុងឆ្នាំ ២០០១ ដោយទទួលបានការឧបត្ថមថវិកា និងបច្ចេកពីអង្គការWCS និងបានវឌ្ឍជាបន្តបន្ទាប់ បច្ចុប្បន្នកសិដ្ឋានមានមេបាពូជ ចំនួន ២០៤ក្បាល។
លោក អិត ហ៊ុល បញ្ជាក់ថា អណ្តើកហ្លូង ជាប្រភេទសត្វមានដោយកម្រ និងជិតផុតពូជ (គ្រប់គ្រងដោយអនុសញ្ញាសាយតេស្ត យ៉ាងម៉ឺងម៉ាត់ ហាមធ្វើការជួញដូរ) បច្ចុប្បន្នមានតែនៅក្នុងខេត្តកោះកុង ហើយនៅ. លើពិភព លោក មានតែនៅប្រទេសឥណ្ឌា ម៉ាឡេស៊ី បង់ក្លាដេស និងកម្ពុជា ហើយមានតែនៅខេត្តកោះកុង ដែលមានលក្ខណៈបរិស្ថាន ធម្មជាតិទឹក ចំណី និងខ្សាច់ពងកូន ល្អប្រសើរសម្រាប់សត្វនេះ រស់នៅបន្តពូជបាន។ រហូតមកទល់បច្ចុប្បន្នកសិដ្ឋានភ្ញាស់កូនបាន ៤៥៦ក្បាល ថែរក្សាក្នុងមណ្ឌលអភិរក្ស ២០៤ក្បាល ចិញ្ចឹមថែរក្សាក្នុងមណ្ឌលខេត្តសៀម រាប ២៧ក្បាល លែងចូលក្នុងព្រែកធម្មជាតិ ដោយបំពាក់ឧបករណ៍តាមដានចំនួន ៨៦ក្បាល និងចំនួន ១៣៩ក្បាលទៀត បានលែងចូលតាមបឹង ព្រែកធម្មជាតិ។
ការដកស្រង់បទពិសោធន៍ ក្នុងបំណងលើកកម្ពស់សមត្ថភាពការងារស្រាវជ្រាវ បង្កាត់ពូជ ចំណី ក្សេត្របរិស្ថាននៃជីវិតរស់នៅ និងអភិរក្ស ដើម្បីបង្កើនចំនួនកូនញាស់ សម្រាប់យកទៅលែងក្នុងបឹង ព្រែក និងដៃសមុទ្រធម្មជាតិ។
លោករដ្ឋមន្ត្រីបានធ្វើការ ណែនាំឱ្យ រដ្ឋបាលជលផល សហការជាមួយអង្គការ ដើម្បីរៀបចំចងក្រងឯកសារផ្លូវ ច្បាប់ក្នុងបំណងការពារ និងអភិរក្សសត្វអណ្តើកហ្លូង យើងឱ្យបានគង់វង្សតរៀងទៅ៕ សំរិត