ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ឯកឧត្តម​ស្នងការ បាន​សង្កត់​ថា ចំពោះ​មន្ត្រី​ណា ដែល​បាញ់បោះ​សេរី ត្រូវតែ​ចាប់ខ្លួន​ភ្លាមៗ ដើម្បី​យកមកអនុវត្ត​មក​ច្បាប់

73

 

​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្តីពី ការប្រជុំ​បូកសរុប​ស​ភាព​ការណ៍ កិច្ចប្រតិបត្តិការ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ប្រចាំ​ខែឧសភា និង​ទិសដៅ​ការងារ​ខែ មិថុនា ក៏ដូចជា​ការ​បូកសរុប​ការងារ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។​

​ក្នុង​កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​លោក​អនុប្រធាននាយកដ្ឋាន លោក លោកស្រី​ស្នងការរង លោក លោកស្រី​អនុប្រធាន​ផែន​ការងារ​ជំនាញ លោក លោកស្រី​នាយការិយាល័យ លោក​អធិការ អធិការរង ព្រមទាំង​លោកនាយ​ប៉ុស្តិ៍​ទាំង ១០៥ ។​

​ក្រោយពី​ស្តាប់​ការរាយការណ៍​របស់លោក​ស្នងការរង ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​កោតសរសើ​រ​ដល់​កងកម្លាំង​ទាំងអស់​ដែល​បាន​ខិតខំ​រក្សា ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ បទល្មើស​ជាច្រើន​ត្រូវបាន​បង្ក្រាប ហើយ​បទល្មើស​មានការ​ថយចុះ​ច្រើន ជាពិសេស​ត្រូវ​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន និង​ល្អ​បំផុត ហើយ​មន្ត្រី​តាម​ការិយាល័យ​ជំនាញ អធិការ​ខណ្ឌ និង​ប៉ុស្តិ៍​ទាំងអស់​ត្រូវតែ​បើកទ្វារ ២៤​ម៉ោង​លើ​២៤​ម៉ោង ដោយមាន​មន្ត្រី​ប្រចាំការ​ជានិច្ច ជាពិសេស​ឯកឧត្តម​ស្នងការ បាន​ណែនាំ​ដល់​តាម​បណ្តា​អង្គភាព​ទាំងអស់​ត្រូវតែ​ធ្វើការ​ត្រួតពិនិត្យ​កម្លាំង​ឲ្យ​បានជា​ប្រចាំ ម្យ៉ាងវិញទៀត ឯកឧត្តម​ស្នងការ​បាន​សង្កត់​ថា ចំពោះ​មន្ត្រី​ណា​ដែល​បាញ់បោះ​សេរី​ត្រូវតែ​ចាប់ខ្លួន​ភ្លាមៗ​ដើម្បី​យកមកអនុវត្ត​មក​ច្បាប់ ។​

​ជា​កិច្ចបញ្ចប់ ឯកឧត្តម​ស្នងការ​បាន​ណែនាំ ដល់​មន្ត្រី​ទាំងអស់​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ និង​ចូលរួម​ថែរក្សា​សុខភាព ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ ១៩ ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន ក៏បាន​កោតសរសើរ ដល់​កងកម្លាំង​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ការពារ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ ជាពិសេស​បានធ្វើ​ឲ្យ​បទល្មើស​ទូទៅ ក៏ដូចជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មានការ​ថយចុះ​ច្រើន ។ ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នេះ នៅតែ​អនុវត្ត​បន្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​គោលបំណង​ដើម្បី​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍ ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ​របស់​អ្នក និង​អ្នកដទៃ ។​

​ជា​កិច្ចបញ្ចប់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវមាន​ភាពស្មោះត្រង់ គោរព​វិន័យ ស្លៀកពាក់​ឲ្យ​បាន​ស្អាត​សមជា​កងកម្លាំង ក៏ដូចជា​ការ​កាត់សក់​ខ្លី​ជាប្រចាំ ៕​

អត្ថបទដែលជាប់ទាក់ទង