ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណើរការ​រៀបចំ​ព្រលានយន្តហោះ​នៅ​បាត់ដំបង ពុំមាន​ឧបសគ្គ​ច្រើន ត្រូវ​ដោះស្រាយ​នោះទេ

148

 

​បាត់ដំបង​៖ មន្ត្រី​អាកាសចរណ៍​ស៊ីវិល​កម្ពុជា បាន​មានប្រសាសន៍​លើកឡើងថា ក្រុមការងារ​កំពុង​ចុះ​រៀបចំ​ដំណើរការ​ឡើងវិញ នូវ​ព្រលានយន្តហោះ​ខេត្តបាត់ដំបង ដោយ​អ្នកពាក់ព័ន្ធ​ចាប់ផ្ដើម​ប្រមូល​ទិន្ន័យ​ជាក់ស្ដែង នៃ​ពលរដ្ឋ​កំពុង​រស់នៅក្នុង​បរិវេណ​ព្រលាន ហើយ​ពុំមាន​ឧបសគ្គ​ច្រើន​នោះទេ បើ​គ្មាន​បញ្ហា​កូ​វីដ​១៩​ទេនោះ វា​កាន់តែ​ឆាប់​បាន​ដំណើរការ​ឡើងវិញ​។​

​ការលើកឡើង​បែបនេះ ក្នុង​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម តឹក សាលី អនុរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល និង​ជា​ប្រធាន​គណៈកម្មការ​បច្ចេកទេស អាកាសយានដ្ឋាន​ជាតិ​។​

​ឯកឧត្តម តឹក សាលី អនុរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល និង​ជា​ប្រធាន​គណៈកម្មការ​បច្ចេកទេស អាកាសយានដ្ឋាន​ជាតិ បាន​មានប្រសាសន៍ថា បញ្ហា​ស្រង់​ស្ថិតិ​របស់​ពលរដ្ឋ ដែល​រស់នៅក្នុង​ព្រលាន ស្ទើរតែ​បានសម្រេច ១០០​ភាគរយ​ហើយ ដោយ​ជំហាន​បន្ទាប់ ក្រុមការងារ​នឹង​ចុះ​វាស់វែង​ពី​ផល​វិជ្ជមាន​និង​អវិជ្ជមាន ក៏ដូចជា​អ្វី​នៅ​សេសសល់ ដើម្បី​ឲ្យ​បាន​ឆាប់​បាន​ដំណើរការ​ឡើងវិញ​។ មួយវិញទៀត ក្រុមការងារ​ក៏​កំពុងធ្វើការ​ទប់ស្កាត់ មិន​ឲ្យ​មានការ​សាងសង់​នូវ​អគារ​ខ្ពស់ៗ បង្ក​ការរំខាន​ដល់​ការហោះហើរ​របស់​យន្តហោះ ហើយ​ដី​ដែល​ត្រូវ​ពង្រីក​ក៏​មិន​ផ្ដល់​ប្លង់​កម្មសិទ្ធិ ឬ​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​នោះដែរ ព្រោះ​ក្រុមការងារ​ក៏​កំពុង​សិក្សា ពី​ការពង្រីក​បន្ថែម​ជា​លក្ខណៈ​ខ្នាត​4C ដែល​ឲ្យ​យន្តហោះ​ប្រភេទ អ៊ែរ​បឺស​៣២០ អាច​ចុះ​ចត់​បាន​។

​គួរ​បញ្ជាក់ថា ព្រលានយន្តហោះ​ខេត្តបាត់ដំបង សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​១៩៦៨ ត្រូវបាន​ផ្អាក​ដំណើរការ​ជាច្រើន​ឆ្នាំ​។ បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​អ្នករស់នៅ ក្នុង​បរិវេណ​ព្រលានយន្តហោះ​ជាច្រើន​គ្រួសារ ពិសេស​គ្រួសារ​កងទ័ព ហើយ​ទីតាំង​នេះ ក៏​ជា​កន្លែង​លំហែរ​កម្សាន្ត​មួយ​ដែរ របស់​ពលរដ្ឋ​នៅពេល​ល្ងាចៗ ត្រូវបាន​គេ​យក​ធ្វើ​រៀបចំ​កម្មវិធី​មួយចំនួន​ផងដែរ​។ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ នៅ​ខេត្តបាត់ដំបង សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជំរុញ​ដល់​អាជ្ញាធរខេត្ត​បាត់ដំបង រៀបចំ​ដំ​
​ណើ​រការ​ព្រលានយន្តហោះ​បាត់ដំបង​ឡើងវិញ​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង