ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​៖ កម្ពុជា​ជា​គោលដៅ​មុនគេ​ដែល​ទេសចរ​ត្រូវ​ត្រឡប់មក​កម្សាន្ត​វិញ ក្រោយ​ចប់​វិបត្តិ​កូ​វីដ​១៩

167

 

(​ភ្នំពេញ​)៖ កម្ពុជា​គឺជា​គោលដៅ​ទេសចរណ៍​ដំបូង​គេ​ដែល​ភ្ញៀវទេសចរ​អន្តរជាតិ​ត្រូវ​ត្រឡប់មក​ទស្សនា​កម្សាន្ត​វិញ ក្រោយ​ចប់​វិបត្តិ​កូ​វីដ​១៩​នៅ​ទូទាំង​ពិភពលោក​, នេះ​គឺជា​ការបញ្ជាក់​របស់លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម​បណ្ឌិត ថោង ខុន នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០​។​
​បានជា​លោក Pablo Chiho Kang លើកឡើង​យ៉ាង​ដូច្នេះ ក៏ដោយ​សារ​លោក​បាន​ទៅ​ទស្សនកិច្ច​ដោយផ្ទាល់​នៅតាម​គោលដៅ​ទេសចរណ៍​នានា តាំងតែ​ពី​លោក​បាន​មកដល់​ប្រទេស​កម្ពុជា ប្រទេស​ក្នុង​ក្ដី​ស្រមៃ​របស់លោក​លើកដំបូង ដូចជា​នៅ​សៀមរាប​-​អង្គរ តំបន់ឆ្នេរ​សមុទ្រ (​ព្រះសីហនុ កំពត កែប កោះកុង​) ខេត្តបាត់ដំបង ភូមិភាគ​ឦសាន​ជាដើម ដោយ​លោក​បាន​កោតសរសើរ​ថា​នៅ​តំបន់​ទាំងនោះ គឺ​ពិតជា​ស្រស់ស្អាត​ប្លែក​ភ្នែក និង​មាន​ភាព​ទាក់ទាញ​ខ្ពស់ ដែលជា​ក្ដី​ប៉ងប្រាថ្នា​របស់​ភ្ញៀវទេសចរ​។​
​លោក​ឯកអគ្គរដ្ឋទូត​បាន​បន្ត ព័ត៌មាន​អំពី​សក្ដានុពល​ទេសចរណ៍ ទិដ្ឋភាព ទេសភាព​ដ៏​ស្រស់ត្រកាល​មាននៅ​កម្ពុជា​នេះ លោក​ក៏មាន​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​នៅ​ប្រទេស​កំណើត​របស់លោក​ដែរ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ច្រើនណាស់​ដែល​ចង់​មក​ទស្សនា​កម្ពុជា ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​រសាត់​ផុត​ទៅ​។​
​ម្យ៉ាងវិញទៀត កិត្តិនាម​មនុស្សធម៌​សប្បុរសធម៌​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សណ្ដោស​ប្រណី​ចំពោះ​ភ្ញៀវទេសចរ​នៅលើ​នាវា Westerdam ឱ្យចូល​ចត​នៅ​ក្រុងព្រះសីហនុ​នោះ គឺ​ពិតជា​មាន​ភាព​ល្បី​សុះសាយ​ខ្លាំង​នៅក្នុង​សង្គម​អូស្ត្រាលី ដូច្នេះហើយ​ប្រជាពលរដ្ឋ​ច្រើនណាស់​តែងតែ​ចង់​មក​ទស្សនា​ដោយផ្ទាល់​នៅលើ​ទឹកដី​ករុណា​ធម៌​មួយ​នេះ​។​
​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញ​ការ​អរគុណ​ចំពោះ​ការចូលរួម​របស់​ស្ថានទូត​អូស្ត្រាលី ក៏ដូចជា​លោក​ឯកអគ្គរដ្ឋទូត​ផ្ទាល់ ដែលមាន​ក្ដី​ស្រលាញ់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​កម្ពុជា​។​
​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​មានការ​ផ្សព្វផ្សាយ​បន្ថែម​កាន់តែខ្លាំង ពី​គោលដៅ​ទេសចរណ៍​នៅ​កម្ពុជា​ទៅកាន់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​នៅ​ប្រទេស​អូស្ត្រាលី ខណៈ​កម្ពុជា​កំពុង​ខិតខំ​អភិវឌ្ឍន៍​គោលដៅ​ទេសចរណ៍​របស់ខ្លួន​យ៉ាង​យកចិត្តទុកដាក់ និង​បង្កើន​ស្ដង់ដា​ការពារ​សុវត្ថិភាព​សុខភាព​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន ត្រៀម​ទទួល​វត្តមាន​ភ្ញៀវទេសចរ​ដែល​នឹង​ត្រលប់មក​ទស្សនា​នៅពេល​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​នេះ​។​
​មិនតែប៉ុណ្ណោះ ឯកឧត្ដម​បណ្ឌិត ថោង ខុន ក៏បាន​ស្នើ​សុំឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ជួយផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​បន្តទៀត​។ បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​ប្រមាណ ៣,៥០០​នាក់ កំពុង​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ដោយ​ទទួលបាន​អាហារូបករណ៍​ពី​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា ក្នុងនោះ​ក៏មាន​មុខវិជ្ជា​ទេសចរណ៍​ផងដែរ​។​
​អ្វីដែល​ពិសេស​ជាង​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានស្នើ​ទៅកាន់​រដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​លោក​ឯកអគ្គរដ្ឋទូត Pablo Chiho Kang ជួយ​ព​ន្លឿ​ន​ការរៀបចំ​ឱ្យមាន​ជើងហោះហើរ​ត្រង់ កម្ពុជា​-​អូស្ត្រាលី ដើម្បី​ជំរុញឱ្យមាន​កំណើន​ទេសចរ​កាន់តែច្រើន ខណៈ​ចំនួន​ភ្ញៀវទេសចរ​ពី​អូស្ត្រាលី​មក​កម្ពុជា​មានកា​រ​កើនឡើង​គួរឱ្យកត់សម្គាល់ (​នៅ​ឆ្នាំ​២០១៩ មាន​ចំនួន​ប្រមាណ​១២​ម៉ឺន​នាក់​)​។ កន្លងមក ដើម្បី​ធ្វើដំណើរ​ទៅមក​កម្ពុជា​-​អូស្ត្រាលី ភ្ញៀវទេសចរ និង​អ្នកដំណើរ​ត្រូវ​ឆ្លងកាត់​ប្រទេស​ថៃ ឬ​ប្រទេស​សិង្ហ​បុរី​មួយ​ដំណាក់​សិន មុន​ចូល​មកដល់​ប្រទេស​កម្ពុជា ឬ​ទៅដល់​ប្រទេស​អូស្ត្រាលី​។​
​សំណើ​ទាំង​អម្បាលម៉ាន​ខាងលើនេះ ត្រូវបាន​លោក​ឯកអគ្គរដ្ឋទូត Pablo Chiho Kang ទទួលយក​ទាំង​ក្ដី​រីករាយ ដោយបាន​សន្យាថា​នឹង​លើកឡើង​ជូន​រដ្ឋាភិបាល​របស់លោក សំដៅ​បន្ត​រឹតចំណង​មិត្តភាព​កម្ពុ​ជា​-​អូស្ត្រាលី​ឱ្យ​កាន់តែ​ល្អប្រសើរ​ខ្លាំង​ឡើង​៕

អត្ថបទដែលជាប់ទាក់ទង