ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតកូរ៉េ សន្យាជួយជ្រោមជ្រែងធ្វើយ៉ាងណា ឲ្យគម្រោងការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ អនុវត្តទាន់ពេលវេលា

119

 

ភ្នំពេញ៖ ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ បានទទួលស្គាល់នូវភាពយឺតយ៉ាវ នៃការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងជួយជ្រោមជ្រែងធ្វើយ៉ាងណា ឲ្យគម្រោងនេះ បានអនុវត្តទាន់ពេលវេលា តាមការគ្រោងទុក។

ថ្ងៃអង្គារទី២៦ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសមពីសំណាក់ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋកូរ៉េ អមដំណើរដោយលោក Yun Hyun Cheol អនុព័ន្ធសហប្រតិបត្តិការអភិឌ្ឍន៍ រួម ជាមួយនឹងគណៈប្រតិភូមួយចំនួនផងដែរ។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះបានផ្ដោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការលើ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើន និងប្រកបដោយគុណភាព រឹងមាំ ប្រើប្រាស់ជាប់បានយូរ និងកាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិក្នុងការថែទាំជួសជុល។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីវឌ្ឍនភាព នៃគម្រោងសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ ២២។

ជាមួយគ្នានោះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានទទួលស្គាល់នូវភាពយឺតយ៉ាវនៃការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងជួយជ្រោមជ្រែងធ្វើយ៉ាងណាឲ្យគម្រោងនេះបានអនុវត្តទាន់ពេលវេលាតាមការគ្រោងទុកប្រកបដោយគុណភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរអង្វែង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីការបំពេញ ការងារប្រកបដោយការទទួលខុសត្រូវ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយគុណភាព រឹងមាំ និងវិស័យអាទិភាពសំខាន់ៗរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលនៃ សាធារណរដ្ឋកូរ៉េ ក៏ដូចជាប្រជាជនកូរ៉េ ដែលបានផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ការ អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ របស់ព្រះរាជាណាចក្រកម្ពុជាឱ្យមានការរីកចម្រើននាពេល កន្លងមក។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើសុំឯកឧត្តមទេសរដ្ឋមន្រ្តីផ្តល់ការគាំទ្រ និងកិច្ចសហការលើគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជួយដល់កម្ពុជាលើការកសាង ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះកិច្ចសហការជាមួយរដ្ឋាភិបាល កូរ៉េក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ឱ្យមានការរីកចម្រើននៅក្នុងតំបន់ ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង