ភ្លើងឆេះមន្ទីរពេទ្យបង់ក្លាដេស ស្លាប់អ្នកជំងឺ COVID-19 ចំនួន ៥នាក់
អ្នកជំងឺ COVID-19 ចំនួន ៥នាក់បានស្លាប់ក្នុងហេតុការណ៍ ភ្លើងឆេះមន្ទីរពេទ្យមួយក្នុងទីក្រុង Dhaka ប្រទេសបង់ក្លាដេស កាលពីថ្ងៃពុធម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីពន្លត់អគ្គិភ័យ។
គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុ ដែលបណ្តាលឲ្យចេះនៅឡើយទេ។ ក្រុមពន្លត់អគ្គិភ័យបានធ្វើការពន្លត់ភ្លើងអស់ ក្នុងរយៈពេលប្រហែល ១ម៉ោង។
ប្រធានក្រុមពន្លត់អគ្គិភ័យ លោក Zillur Rahman បានថ្លែងថា សាកសពចំនួន ៥នាក់ត្រូវបានរកឃើញ នៅក្នុងបន្ទប់ដាច់ដោយឡែកនៃមន្ទីរពេទ្យ United Hospital ដែលធ្វើការព្យាបាលអ្នកជំងឺ COVID0-19។ អ្នកស្លាប់រួមមាន បុរស ៤នាក់ និងស្ត្រី ១នាក់ ដេលមានអាយុចន្លោះ ៤៥ ទៅ ៧៥ឆ្នាំ។
សូមបញ្ជាក់ថា ការរាតត្បាតវីរុសកូរ៉ូណានៅក្នុងប្រទេសបង់ក្លាដេស កំពុងមានការកើនឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ បើតាមទិន្នន័យ បង់ក្លាដេសមានអ្នកឆ្លងវីរុសកូរ៉ូណា សរុបទាំងអស់ចំនួន ៣៨.២៩២នាក់ និងអ្នកស្លាប់ចំនួន ៥៤៤នាក់។
អ្នកជំនាញសុខាភិបាលមានការព្រួយបារម្ភថា ចំនួនអ្នកឆ្លងពិតប្រាកដអាចនឹងខ្ពស់ជាងនេះ។ បង់ក្លាដេសមានប្រជាជនសរុបចំនួន ១៦០លាននាក់៕