កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែន ពិនិត្យឃើញប្រជាពលរដ្ឋចំនួន៣៥នាក់ បម្រុងឆ្លងដែន ចូលទៅក្នុងទឹកដីថៃ
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយចេក ចេញល្បាតក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ក្នុងនោះបានពិនិត្យឃើញប្រជាពលរដ្ឋ ដែលបម្រុងឆ្លងដែន ចូលទៅក្នុងទឹកដីថៃវិញ ដោយខុសច្បាប់ចំនួន៣៥នាក់ស្រី១១នាក់។
ស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃ ពុធ ទី២៧ ខែ ឧសភាឆ្នាំ២០២០ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ពុំ ចាន់ ស្នងការរងផែនការងារព្រំដែន លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេប ញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ លោកមេបញ្ជាការរង បានដឹក នាំកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែន ស្វាយចេក ចេញល្បាតក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ក្នុងនោះបានពិនិត្យឃើញប្រជាពលរដ្ឋដែលបម្រុងឆ្លងដែន ចូលទៅក្នុងទឹកដីថៃវិញ ដោយខុសច្បាប់ចំនួន៣៥នាក់ស្រី១១នាក់។
នគរបាលបាននាំពួកគាត់មកធ្វើការសាកសួរហើយក្រោយពេលសាកសួរ ពីគោលបំណងរួចហើយបានធ្វើការអប់រំណែនាំ និងបានធ្វើកិច្ចសន្យា រួចបញ្ជូនពួកគាត់ទៅគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំរៀង ដើម្បីចាត់ការបន្ត។
សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងណែនាំឯកឧត្តម លោកជំទាវ អភិបាលខេត្តជាប់ព្រំដែន ជាមួយប្រទេសជិតខាង ស្ដីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឱ្យឆ្លងដែន ដោយខុសច្បាប់ ចូលទៅប្រទេសជិតខាង តាមច្រករបៀងនានា ជាពិសេសត្រូវស្រាវជ្រាវ និងតាមចាប់ខ្លួនមេខ្យល់ដែលចលនាអូសទាញប្រជាពលរដ្ឋខ្មែរឲ្យឆ្លងដែន។
បើតាមលិខិតរបស់សម្តេចក្រឡាហោម ដែលធ្វើឡើងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងដឹងថា ការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលប្រទេសជិតខាង គឺដើម្បីពង្រឹងនូវការគ្រប់គ្រង ការធ្វើដំណើរឆ្លងកាត់ព្រំដែន ចេញចូលប្រទេសជិតខាង ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការការពារនូវផលប្រយោជន៍ របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា ។
ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់ អភិបាលខេត្ត ត្រូវចាត់ចែងអនុវត្តនូវវិធានការនានាដូចជា ត្រូវកោះប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាបន្ទាន់ ដើម្បីណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់នៅតាមតំបន់ព្រំដែន ឲ្យចូលរួមសហការគ្នា ដាក់ចេញនូវវិធាំនការទប់ស្កាត់ការចេញចូលឆ្លងដែនដោយខុសច្បាប់ តាមច្រករបៀងនៅតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាង។ ត្រូវស្រាវជ្រាវ ស្វែងរក និងតាមចាប់ខ្លួនមេខ្យល់ដែលចលនាអូសទាញប្រជាពលរដ្ឋខ្មែរឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ។ ក្នុងករណីដែលសមត្ថកិច្ចនៃប្រទេសជិតខាងបានចាប់ឃាត់ខ្លួនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា រដ្ឋបាលខេត្តត្រូវទំនាក់ទំនង និងសម្របសម្រួលជាមួយសមត្ថកិច្ចនៃប្រទេសជិតខាង ដែលមានព្រំប្រទល់ជាប់គ្នាឲ្យបានឆាប់ ដើម្បីស្នើឲ្យសមត្ថកិច្ចនៃប្រទេសជិតខាតចាត់បញ្ជូនពួកគាត់វិលត្រឡប់ មកកម្ពុជាវិញ និងយកចិត្តទុកដាក់ត្រួតពិនិត្យសុខភាព ការអនុវត្តវិធានការចត្តាឡីស័ក និងការដឹកជញ្ជូនបងប្អូនទៅកាន់លំនៅឋានរៀងៗខ្លួនឲ្យបានសមស្រប។ បច្ចុប្បន្នប្រទេសជិតខាង នៅបន្តដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ហេតុនេះ រដ្ឋបាលខេត្តត្រូវអប់រំណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន កុំឲ្យធ្វើដំណើរទៅកាន់ប្រទេសជិតខាង ក្នុងរយៈពេលនេះ ជាដាច់ខាត។ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការ និងគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ នៅកម្ពុជា ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់៕