ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ សាងសង់​មណ្ឌល​កីឡាហែលទឹក ​នៅ​ខេត្តបាត់ដំបង​

96

​ ​បាត់ដំបង​៖​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​
​ហែល​ទឹកបាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​ពិនិត្យ​វឌ្ឍនភាព ​គម្រោង​សាងសង់​មណ្ឌល​កីឡាហែលទឹក​ ដែលមាន​ទីតាំង​ឋិត​នៅក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ​ខេត្តបាត់ដំបង​។

​មណ្ឌល​ហែល​ទឹក​នេះ​សាងសង់ឡើង​តាម​ស្តង់​អន្តរជាតិ​គ្រោង​ចំណាយ​ថវិកា ​ប្រមាណ​២​លាន​ដុល្លារ​អាមេរិក​ដោយ​ចំណាយពេល​សាងសង់​ប្រមាណ​២៤​ខែ ហើយ​គិត​រហូតមក​ដល់ពេលនេះ​ការសាងសង់​សម្រេចបាន​ប្រមាណ​៦៩,៥ ភាគរយ​ហើយ​។​

​មណ្ឌល​ហែល​ទឹក​នេះ​សាងសង់​លើ​ផ្ទៃដី​ទំហំ​១១២ ម៉ែត្រ គុណ​នឹង ៦៥ ម៉ែត្រ ក្នុងនោះ​រួមមាន​៖ អាង សម្រាប់​ប្រកួត​ទំហំ​២៥​ម៉ែត្រ គុណ​នឹង ៥០​ម៉ែត្រ ជម្រៅ​២​ម៉ែត្រ អាង​លោតទឹក​ទំហំ​២០​ម៉ែត្រ គុណ​នឹង ២៥​ម៉ែត្រ ជម្រៅ​៤,៥​ម៉ែត្រ អាង​ហែល​កំដៅ​សាច់ដុំ​ទំហំ​១០​ម៉ែត្រ គុណ​នឹង ១៥ ម៉ែត្រ ជម្រៅ​១,៥​ម៉ែត្រ ប៉ម​លោតទឹក​កំពស់​១០​ម៉ែត្រ ចែកជា​ថ្នាក់​លោត​កំពស់​៣​ម៉ែត្រ ៥​ម៉ែត្រ ៧​ម៉ែត្រ និង​១០ ម៉ែត្រ​។ អាង​ទាំង បី​និង​ប៉ម​លោតទឹក​ត្រូវ​សាងសង់​នៅលើ​ខឿន​ទំហំ​៤០​ម៉ែត្រ គុណ​នឹង ១១២​ម៉ែត្រ ខ្ពស់ជាង​ដី​កំណើត ១,៥​ម៉ែត្រ អាងទឹក​ក្នុង​ដី​សម្រាប់​រក្សា​តុល្យភាព​ទឹក​អាង​ទាំងបី​ទំហំ ១០​ម៉ែត្រ គុណ​នឹង​១៥​ម៉ែត្រ ជម្រៅ​២,៥​ម៉ែត្រ​។​

​លើសពីនេះ​ទៀត មណ្ឌល​ហែល​ទឹក​នេះ​រួមមាន កន្លែង​អង្គុយ​ទស្សនា បន្ទប់​ម៉ាស៊ីន​ចម្រោះ បន្ទប់​ឃ្លាំង បន្ទប់​ផ្លាស់​សម្លៀកបំពាក់ បន្ទប់ទឹក​កីឡាករ​កីឡា​ការី​នី បន្ទប់ទឹក​សាធារណៈ ទីធ្លា​ចំណតរថយន្ត​និង​ទោចក្រយានយន្ត អាគារ​ពហុ​បំណង បន្ទប់​ពិសេស​សម្រាប់​គណៈអធិបតី បន្ទប់​បញ្ជាការ​ប្រកួត បន្ទប់ សង្គ្រោះបន្ទាន់ បន្ទប់​អាជ្ញាកណ្តាល កន្លែង​សម្រាក​រយៈពេល​ខ្លី​ក្នុងពេល​ប្រកួត បន្ទប់​ស្នាក់នៅ​សម្រាប់ កីឡាករ​ទាំង​ពីរភេទ បន្ទប់​បរិភោគ និង​ចង្ក្រាន​ចំអិន​អាហារ​ផងដែរ​។

​មណ្ឌល​ហែល​ទឹក​នេះ​សាងសង់ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម ​របស់​សម្តេច​ក្រឡា​ហោម ដើម្បី​អាចឱ្យ​កីឡាករ កីឡា​ការ​នី ទាំង​ជាតិ និង​អន្តរជាតិ​ក៏ដូចជា​មហាជន​ទូទៅ​ធ្វើការ​ហ្វឹកហាត់​កីឡា​ ដើម្បី​សុខភាព​ឬក៏​ដូចជា​ដើម្បី​ត្រៀម​ចូលរួម​ ដណ្តើមយក​មេដាយ​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម (SEA GAME) ឆ្នាំ​២០២៣ ដែល ព្រះរាជាណាចក្រ​កម្ពុជា ​គ្រោង​ធ្វើ​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​នេះ​៕

អត្ថបទដែលជាប់ទាក់ទង