ប្រធានគណបក្សLDPថា អតីតសមាជិកគណបក្សសង្គ្រោះជាតិ ទៅបោះឆ្នោត ឲ្យបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ បន្ទាប់ពីបិទបញ្ចប់ការបោះឆ្នោតជាផ្លូវការ ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានប្រកាសថា ប្រជាពលរដ្ឋកម្ពុជា បានទៅបោះឆ្នោតរហូតដល់ជាង៨០ភាគរយ ដែលចំនួនតួលេខឡើងខ្ពស់បែបនេះ គឺដោយសារតែអតីតសមាជិកគណបក្សសង្គ្រោះជាតិ បានទៅបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា ចំណែក LDP ទំនងជាពួកគេស្អប់ហើយ បានមិនបោះឆ្នោតឲ្យ។
លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរក្នុងផេកហ្វេសប៊ុក របស់លោកនៅយប់ថ្ងៃទី២៩ខែកក្កដានេះ បន្ទាប់ពីបិទបញ្ចប់ការបោះឆ្នោតជាផ្លូវការថា “នៅឆ្នាំ២០១៨ នេះ ចំនួនភាគរយ នៃពលរដ្ឋដែលចេញទៅបោះឆ្នោត ដល់ទៅជាង៨០% លើសការបោះឆ្នោតអាណត្តិ២០១៣ ដែលអ្នកចេញទៅបោះឆ្នោតមានតែ ៦៩,៦១% ទៅទៀត អីចឹងមានន័យថា អ្នកធ្លាប់គាំទ្រគណបក្សសង្គ្រោះជាតិ បានចេញទៅបោះឆ្នោតឲ្យ CPP ស្ទើរទាំងអស់។ អញ្ចឹងមានន័យ ពួកគេចង់ឈ្នះLDP រហូតទៅដល់សុខចិត្តបោះឆ្នោត ឲ្យគណបក្សប្រជាជន។ ពួកគេស្អប់ LDP ជាងស្អប់គណបក្ស ប្រជាជន។ នេះជាការសម្រេចចិត្តរបស់ពលរដ្ឋម្ចាស់ប្រទេសនេះ។ បើបែបនេះ តើគេរំលាយបក្សសង្គ្រោះជាតិមានអ្វីខុសទៅ?”។