ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្តកែប​គ្រប់​អង្គភាព​ទាំងអស់ រួមគ្នា​អនុវត្ត​ឱ្យទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច ដើម្បី​ភាព​រីកចំរើន​រុងរឿង​នៃ​ប្រទេសជាតិ

109

 

​កែប​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០​នេះ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប​។​

​ឯកឧត្តម កែន ស​ត្ថា អភិបាលខេត្ត​កែប​ចប់​អាណត្តិ និង​ត្រៀម​ចូលកាន់​តំណែង​ជា​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ថ្លែង​របាយការណ៍​ស្វាគមន៍​ជូន​សម្ដេច​ក្រឡ​ហោម និង​អង្គពិធី ស្ដីអំពី​វឌ្ឍនភាព​នានា​ក្នុង​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ ដូចជា​ការថែរក្សា​ការពារ​សុខ សន្តិភាព ស្ថេរភាព សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ស​ង្គ​ម ដែលជា​កត្តា​បង្កលក្ខណៈ​អំណោយផល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ខេត្ត​កែប​កាន់​តែមាន​ភាពល្អប្រសើរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​ឯកឧត្តម​បន្តថា ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ រដ្ឋបាលខេត្ត​កែប បាន​ខិតខំ​ធ្វើកំណែទម្រង់​លើ​គ្រប់​វិស័យ ដើម្បី​ឆ្លើយតប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ពិសេស​ការផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ដោយបាន​ដំណើរការ​អង្គភាព​ច្រកចេញចូល​តែមួយ​បាន​១០០​ភាគរយ ខណៈ​រដ្ឋបាល​ឃុំ​សង្កាត់​ទាំងអស់​ក្នុង​រដ្ឋបាលខេត្ត​កែប ក៏បាន​និង​កំពុងដំណើរកា​រសាក​ល្បង​ការផ្ដល់សេវា​អត្តសញ្ញាណ​កម្ម​។​

​ចំណែក​ឯកឧត្តម សោម ពិសិដ្ឋ អតីត​អភិបាលរង​ខេត្ត ដែល​ចូលកាន់​មុខតំណែង​ជា​អភិបាលខេត្ត​កែប​នាឱកាស បាន​ថ្លែង​ប្ដេជ្ញាចិត្ត​គោរព​តាម​រដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាន​គតិយុត្តិ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ព្រមទាំង​គោលការណ៍​ដឹកនាំ​របស់​សម្ដេច​ក្រឡាហោម និង​ថ្នាក់ដឹកនាំ​ក្រសួង​នានា​ឱ្យបាន​ល្អ​។​

​ឯកឧត្តម​ក៏បាន​សន្យា​ខិតខំ​ទប់ស្កាត់​លុបបំបាត់​ឱ្យបាន​នូវ​បាតុភាព​នានា ដែល​ធ្វើឱ្យប៉ះពាល់ និង​បង្ក​ការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ ដឹកនាំ​ការអនុវត្ត​ច្បាប់​ដោយ​គ្មាន​លើកលែង ខិតខំ​កសាង និង​អភិវឌ្ឍន៍​គ្រប់​វិស័យ​ក្នុង​ខេត្ត ខិតខំ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង ពង្រឹង​ការផ្ដល់​សេវាសាធារណៈ និង​ត្រៀម​កិច្ច​អ​ន្តា​គម​ន៍​ជួយ​ប្រពល​រដ្ឋ​ឱ្យបាន​ល្អ ព្រមទាំង​សំណូមពរ​ឱ្យមាន​ការចូល​រួមសហកា​រ​គាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​បន្ទាប់មក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ថ្លែង​សុន្ទរ​ថា និង​មានមតិ​ណែនាំ​ទៅកាន់​អង្គពិធី ដោយ​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​បាន​សម្ដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គ្រប់​តួអង្គ​ក្នុង​ដែនដី​រដ្ឋបាលខេត្ត​កែប ដែល​បាន​ចូលរួម​សហការ​អនុវត្ត​វិធានការ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​បាន​លទ្ធ​ល្អប្រសើរ និង​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​៤​នាក់​ឱ្យ​ជាសះស្បើយ ព្រមទាំង​បាន​ទប់ស្កាត់​ការចម្លង​ទៅ​កម្រិត​សហគមន៍​។​

​សម្ដេច​ក៏បាន​ថ្លែង​កោតសរសើរ​ការខិតខំ​ពុះពារ​ជំនះ​ការលំបាក​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំង​នៃ​រដ្ឋបាលខេត្ត​កែប ដែល​ក្នុង​ស្ថាន​កូ​វីដ​១៩ បាន​បន្ត​បំពេញ​កិច្ចការ​សាធារណៈ​គ្រប់​វិស័យ រួមទាំង​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល ការធានា​ថែរក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ និង​ការផ្ដល់​សេវាសាធារណៈ​ចាំបាច់​ជា​មូលដ្ឋាន​ជូន​ប្រជាជន ធានាបាន​នូវ​ក្រ​តី​ភាព​នៃ​ជីវភាព​សង្គម​។​

​ទន្ទឹមនឹង​ការប្រកាស​ចូលកាន់​មុខតំណែង​ជា​អភិបាលខេត្ត​កែប​របស់​ឯកឧត្តម សោម ពិសិដ្ឋ និង​អបអរសាទរ​ឯ​ឧ​ត្ត​ម កែន សុត្ថា ទទួល​តំណែង​ជា​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី សម្ដេច​បាន​បញ្ជាក់ជូន​អង្គពិធី​ថា ការតែងតាំង​លោក វ៉ៅ សុខា ពី​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត មកជា​អភិបាលរង​ខេត្ត​កែប គឺ​រាជរដ្ឋាភិបាល​បានសម្រេច​បន្ទាប់ពី​មានការ​គាំទ្រ និង​សំណើរ​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត រួមទាំង​ប្រធាន​ក្រុមការងារ​គណបក្ស និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កែប​។​

​សម្ដេច​បាន​ថ្លែង​កោតសរសើរ​ឯកឧត្តម កែន ស​ត្ថា ដែល​បំរើ​ប្រទេសជាតិ និង​ប្រជាជន​ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ពិសេស​ក្នុងតួនាទី​អភិបាលខេត្ត​កែប បាន​ដឹកនាំ​ការងារ​ទទួលបាន​សមិទ្ធ​ផល​ជា​បន្តបន្ទាប់ និង​បាន​កោតសរសើរ​ឯកឧត្តម សោម ពិសិដ្ឋ ដែលមាន​បទពិសោធន៍​ជា​អភិបាលរង​ខេត្ត​៨​ឆ្នាំ រហូត​ក្លាយជា​អភិបាលខេត្ត​កែប​នាឱកាស​នេះ ដោយ​សម្ដេច​សង្ឃឹមថា ឯកឧត្តម​នឹង​ខិតខំ​បំពេញភារកិច្ច​ជូន​ជាតិ និង​ប្រជាជន​។​

​ជាមួយគ្នានេះ សម្ដេច​បានស្នើ​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត មន្ទីរ អង្គភាព​នានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល​ក្រុង ស្រុក និង​ឃុំ​សង្កាត់ ព្រមទាំង​ប្រជាពលរដ្ឋ​ផ្ដល់​ការគាំទ្រ​ឯកឧត្តម សោម ពិសិដ្ឋ ដើម្បី​បន្ត​រួមគ្នា​ថែរក្សា​សុខសន្តិភាព ស្ថេរភាព​នយោបាយ សណ្ដាប់ធ្នាប់​សាធារណៈ និង​រួមគ្នា​អភិវឌ្ឍន៍​ខេត្ត​កែប ជាមួយ​ក្រុមការងារ​រាជរដ្ឋាភិបាល​ដែល​រង់ចាំ​ផ្ដល់​ការគាំទ្រ​គ្រប់​វិស័យ​។​

​នៅក្នុង​ឱកាស​នៃ​ការ​ថ្លែង​សុន្ទរ​ថា​ប្រកបដោយ​អត្ថន័យ​នេះដែរ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​មានប្រសាសន៍​អំពី​កិច្ច​ការសំខាន់ៗ​មួយចំនួនទៀត​ដែរ​។ ពាក់ព័ន្ធ​នឹង​ការថែរក្សា​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ សម្ដេច​បញ្ជាក់ថា យើង​មាន​សន្តិ​ភាពរឹងមាំ និង​ស្ថេរភាព​នយោបាយ​ល្អប្រសើរ​ហើយ ប៉ុន្តែ​ទន្ទឹមនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ មាន​អ្នកនយោបាយ​បែប​ប្រជា​និយម បាន​យក​ឱកាស​នេះ​ប្រើ​វោហារសាស្ត្រ​ទម្លាក់​ការទទួលខុសត្រូវ ឬក៏​ប​ន្ទុះ​បង្អាប់​រាជរដ្ឋាភិបាល​។​

​សម្ដេច​បាន​មានប្រសាសន៍ថា ការទាមទារ​របស់​អ្នកនយោបាយ​បែប​ប្រជា​និយម ឱ្យ​ប្រជាពលរដ្ឋ​កុំ​សង​ប្រាក់​ដែល​ខ្ចី​ទៅ​ធានា​គារ​វិញ​នោះ​ថា ជាការ​ឃោសនា​ដែល​មិនអាច​ធ្វើទៅបាន ផ្ទុយ​ពី​គោលការណ៍​សច្ចភាព ដែល​អ្នក​ខ្ចី​ត្រូវ​សង់​កម្ចី​ទៅ​គេ​វិញ​។ សម្ដេច​សង្កត់ធ្ងន់ថា រាល់​ការផ្សព្វផ្សាយ ឬ​អំពាវនាវ​របៀបនេះ អាជ្ញាធរ​ត្រូវ​ពន្យល់​ប្រជាពលរដ្ឋ ចៀសវាង​ការយល់ច្រឡំ ដែល​អាច​នាំឱ្យ​ប៉ះពាល់​ដល់​ស្ថេរភាព​នយោបាយ​។​

​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​ជម្លោះ ឬ​សំណូមពរ​ប្រជាពលរដ្ឋ សម្ដេច​បាន​សង្កត់​ថា យើង​មិនត្រូវ​មើលស្រាល​បញ្ហា​នេះ​ជាដាច់ខាត ពោលគឺ​រាល់​ការកើតមាន​ជម្លោះ ឬ​សំណូមពរ​ផ្សេងៗ គឺ​ត្រូវតែ​រក​មូលហេតុ​ឱ្យបាន​ជាក់លាក់ ហើយ​ដោះស្រាយ​ឱ្យបាន​ត្រឹមត្រូវ មាន​យុត្តិធម៌ និង​តម្លាភាព ចៀស​ឱ្យបាន​នូវ​ការបង្ក​ហិង្សា ព្រោះ​ក្រុមប្រឆាំង​អាច​នឹង​ឆ្លៀត​យក​បញ្ហា​នោះ ដើម្បី​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល ឬ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​សម្ដេច​ក៏បាន​ណែនាំ​ឱ្យ​ខិតខំ​គៀងគរ​ការចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ និង​ផ្ដល់​ការលើកទឹកចិត្ត​ដល់​មូលដ្ឋាន ដែលមាន​ស្នាដៃ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ហើយ​ចំពោះ​បញ្ហា​គ្រឿងញៀន សម្ដេច​ណែនាំ​ឱ្យ​ខេត្ត​កែប​យក​ខេត្ត​ព្រះសីហនុ​ជា​បទពិសោធន៍ ពោលគឺ​ប្រសិនបើ​សកម្មភាព​ទេសចរណ៍ និង​វិនិយោគ​មាន​ភាព​ផុលផុស ឧក្រឹដ្ឋជន​គ្រឿងញៀន​អាច​នឹង​យក​ខេត្ត​កែប​ជា​គោល​

​ពី​វេទិការ​អធិបតី​នេះដែរ សម្ដេច​ក្រឡាហោម​បានផ្ដល់​ការពន្យល់​បំភ្លឺ ចំពោះ​មតិ​មួយចំនួន​ដែល​សម្លឹង​ឃើញ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ក្នុងន័យ​អវិជ្ជមាន​ជ្រុល​។ សម្ដេច​បាន​អះអាងថា បំណង​របស់​រាជរដ្ឋាភិបាល​គឺ​ដើម្បី​ការពារ​អាយុជីវិត និង​សុវត្ថិភាព​ប្រជាពលរដ្ឋ ជា​។ ក់​ស្ដែង​ក្នុង​រយៈពេល​អនុវត្ត​នៃ​ខែឧសភា​នេះ ធៀប​នឹង​ខែមេសា​កន្លងទៅ ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​១៥​នាក់ និង​អ្នករបួស​ថយ​ជាង​៨០​នាក់​។​

​សម្ដេច​បាន​មានប្រសាសន៍​យើង​មិនត្រូវ​ខ្វល់ខ្វាយ​ពេក ចំពោះ​ការ​តិ​ទៀន​ទាំងឡាយណា មកលើ​ភារកិច្ច​ដែល​យើង​កំពុង​ធ្វើ​ដើម្បី​ការពារ​អាយុជីវិត និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​នោះឡើយ ពោលគឺ​ឱ្យតែ​យើង​មាន​ឧ​ត្ត​ម​គតិ​បម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ សូមកុំ​ខ្លាច​នឹងធ្វើ និង​សូមកុំ​ដកថយ​ឱ្យសោះ​។ សម្ដេច​បាន​ក្រើនរំលឹក​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវគោរព​វិជ្ជាជីវៈ ចៀសវាង​អនុវត្ត​ខុស​គោលការណ៍​។​

​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺឆ្លង​កូ​វីដ​១៩​វិញ សម្ដេច​បានបង្ហាញ​ការកត់សំគាល់ថា​ប្រជាពលរដ្ឋ ពិសេស​អ្នក​រាជធានី​ភ្នំពេញ ហាក់ដូចជា​បន្ធូរដៃ​ច្រើនពេក​ហើយ​ចំពោះ​ភាព​តានតឹង នឹង​ជំងឺ​ដែល​មិនទាន់មាន​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​ការពារ​មួយ​នេះ​។ សម្ដេច​បានស្នើ​សុំ​ពលរដ្ឋ​បន្ត​អនុវត្ត​វិធានការ​ណែនាំ របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ហើយ​រដ្ឋបាលខេត្ត​កែប​ត្រូវ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​បន្ថែមទៀត​។​

​សម្ដេច​ក៏បាន​មានប្រសាសន៍​ណែនាំ​បន្ថែម អំពី​គោលនយោបាយ​រាជរដ្ឋាភិបាល ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​សេដ្ឋកិច្ច និង​សង្គម​ពី​វិបត្តិ​កើតចេញពី​ជំងឺ​កូ​វីដ​១៩ និង​ប្រធានបទ​ពាក់ព័ន្ធ​នឹង​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ដើម្បី​ផ្ដល់ជំនួយ​ជួយ​ពលរដ្ឋ​ដោយ​គ្មាន​ការបែងចែក​និន្នាការ ការអភិវឌ្ឍន៍​វិស័យ​នានា​ក្នុង​ខេត្ត​កែប​ពិសេស​វិស័យ​ទេសចរណ៍ កំណែទម្រង់រដ្ឋបាល​សាធារណៈ ការពង្រឹង​សមត្ថភាព​មន្ត្រី ការផ្ដល់សេវា​សាធារណៈ​តាម​យន្តការ​ច្រកចេញចូល​តែមួយ​។​

​មុននឹង​បញ្ចប់​សម្ដេច​បាន​ណែ​នាំឱ្យ​រដ្ឋបាលខេត្ត​ពង្រឹង​សាមគ្គីភាព ពិសេស​រវាង​គណៈ​អភិបាល និង​ក្រុមប្រឹក្សា​ដែលជា​បង្គោល​ធំ​នៃ​រដ្ឋបាលខេត្ត ក្រុង និង​ស្រុក និង​បាន​មានប្រសាសន៍​ផ្ញើ​ក្ដី​សង្ឃឹមថា ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​គ្រប់​អង្គភាព​ទាំងអស់ នឹង​រួមគ្នា​អនុវត្ត​ឱ្យទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច ដើម្បី​ភាព​រីកចំរើន​រុងរឿង​នៃ​ប្រទេសជាតិ និ​សេចក្ដីសុខ​សុភមង្គល​របស់​ប្រជាពលរដ្ឋ​៕​

   

អត្ថបទដែលជាប់ទាក់ទង