រកឃើញ ករណីវិជ្ជមានកូវីដ១៩ ចំនួន១ករណីទៀតនិងអ្នកជំងឺ១នាក់ជាសះស្បើយ
(ភ្នំពេញ)៖ក្រសួងសុខាភិបាលបានប្រកាសថាបានរកឃើញករណីវិជ្ជមានកូវីដ១៩លើបុរសជនជាតិខ្មែរម្នាក់ដែលទើបត្រឡប់មកពីចូលរួមសិក្សាសាសនានៅប្រទេសថៃ។ថ្ងៃនេះដែរមានអ្នកជំងឺកូវីដ១៩ម្នាក់បានជាសះស្បើយថែមទៀត។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០នេះថាករណីវិជ្ជមានថ្មីនេះត្រូវបានរកឃើញនៅលើខ្លួនបុរសជនជាតិខ្មែរអាយុ២៦ឆ្នាំរស់នៅភូមិរកាពរ៥ឃុំរកាពរ៥ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំដែលបានទៅចូលរួមសិក្សាសាសនាមួយនៅសាលាមួយនៃខេត្តយ៉ាឡាក្នុងប្រទេសថៃហើយបានវិលត្រឡប់មកពីប្រទេសថៃវិញដោយបានធ្វើដំណើរតាមរថយន្តទេសចរណ៍១២កៅអី(មានតែក្រុមគាត់១០នាក់និងអ្នកបើកបរ) រហូតមកដល់ច្រកចូលអូរបីជាន់រួចបានឆ្លងចូលមកកម្ពុជានៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០។បុរសរូបនេះត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាករបស់គាត់ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដោយទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ–១៩នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០។បច្ចុប្បន្នបុរសខាងលើរូបនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា–ជប៉ុនមង្គលបុរីខេត្តបន្ទាយមានជ័យនៅថ្ងៃដដែលនេះរួចហើយដែរ។ចំណែកបុរស០៨នាក់ផ្សេងទៀតមានតេស្តអវិជ្ជមានកំពុងដាក់បន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅមណ្ឌលធ្វើចត្តាឡីស័ករបស់ខេត្ត។រីឯបុរសម្នាក់ទៀតកំពុងរង់ចាំយកវត្ថុសំណាកទៅធ្វើការវិភាគនៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ឡើងវិញហើយរូបគាត់ត្រូវបានដាក់ឱ្យនៅតាមដាននៅក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យនាពេលបច្ចុប្បន្ននេះ។
ដោយឡែកករណីជាសះស្បើយវិញគឺស្ត្រីជនជាតិខ្មែរអាយុ៣៩ឆ្នាំមានទីលំនៅនៅសង្កាត់ទឹកថ្លារាជធានីភ្នំពេញដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក។រូបគាត់ទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន០២លើកហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀតនៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០រួចហើយ។
សូមបញ្ជាក់ថារហូតមកដល់ពេលនេះកម្ពុជាបានរកឃើញករណីកូវីដ១៩ចំនួន១២៥ករណីហើយដែលក្នុងនោះ១២៣នាក់ត្រូវបានព្យាបាលជាសះស្បើយនិង២នាក់(បូកទាំងករណីថ្មីនេះ) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឲ្យដឹងថារកឃេីញ១ករណីថ្មី និងជាសះស្បេីយ១នាក់
រហូតដល់ម៉ោង ៧:១០ព្រឹកថ្ងៃទី ៣០ ឧសភា ២០២០ យេីងរកឃេីញជំងឺកូវីដ–១៩ មួយករណីថ្មីទៀត (នាំចូលពីក្រៅប្រទេស) ចំនួនសរុបកូវីដ–១៩ កេីន១២៥នាក់ ចំនួនសម្រាកពេទ្យ២នាក់ ជាសះស្បេីយហេីយចំនួន១២៣នាក់ និងស្លាប់គ្មាន ។ជំងឺកូវីដ–១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ល។យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ក្រសួងសុខា ភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនដល់ថ្នាក់ដឹកនាំមន្ត្រី–បុគ្គលិកសុខាភិបាលនិងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេសស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិអង្គការសុខភាពពិភពលោកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាម៉េរិកនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុតក្នុងការជួយពិនិត្យសុខភាពនិងស្រាវជ្រាវរកករណីកូវីដ–១៩ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមករួមទាំងការដាក់វិធានការនានាដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ–១៩នៅក្នុងប្រទេសកម្ពុជា។