ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បញ្ចុះបឋមសិលា សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ នៅក្នុង​ទឹកដី​ខេត្តកោះកុង

92

 

​កោះកុង​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតីភាព បញ្ចុះបឋមសិលា សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ នៅក្នុង​ទឹកដី​ខេត្តកោះកុង ស្ថិតនៅ​ទល់មុខ​អាស្រម​លោកយាយ​ម៉ៅ ក្នុងភូមិ​សាស្ត្រ​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣០ ខែឧសភា ឆ្នាំ​២០២០ ។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងថា ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ សាងសង់ឡើង​តាម​គំរូ​ប្លង់គោល​មាន​ឃឿន​៤​ជ្រុង សរុប​៦៦​ម៉ែត្រ កម្ពស់​៤៣​ម៉ែត្រ ហើយ​ទីធ្លា បរិវេណ​ស្តូប​អនុ​ស្សាយ៍​នយោបាយ​ឈ្នះ ឈ្នះ មាន​ទំហំ​ធំ​ទូលាយ ក្នុង​ការចត​រថយន្ត និង​ការ​ទេសចរណ៍​កំសាន្តរ​បស់​ពលរដ្ឋ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា ការសាងសង់​ស្តូប​អនុស្សាវរីយ៍​ឈ្នះ ឈ្នះ ដើម្បី​រំលឹក​គុណ​ដល់​វីរបុរស​ជំនាន់​មុនៗ ដែល​បាន​លះបង់​អាយុជីវិត​ដើម្បី​បូរណភាព​ទឹកដី​ការពារ​មាតុភូមិ​ប្រទេសជាតិ ក្នុង​យុគ្គសម័យ​ភ្លើងសង្គ្រាម​។​

​សម្តេច​ពិជ័យ​សេនា បាន​បញ្ជាក់ថា «​យើង​ត្រូវ​ថ្លែងអំណរគុណ​សន្តិភាព ដែល​ក្រោម​ការដឹកនាំ​ដ៏​ឈ្លា​វៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើឱ្យ​កម្ពុជា​យើង​តាំង​បាតដៃ​ទទេ រហូតដល់​មានការ​អភិវឌ្ឍ​រីកចម្រើន​គ្រប់ផ្នែក គ្រប់​វិស័យ មាន​ធនធានមនុស្ស និង​ធ្វើឱ្យ​ប្រទេស​លើ​ពិភពលោក​ទទួលស្គាល់​ទៀតផង​»​។​

​សម្តេច បាន​បន្តថា «​ប្រទេស​មាន​សន្តិភាព មាន​សេរីភាព ដូច្នេះ​យើងទាំងអស់គ្នា​មិនអាច​បំភ្លេច​បានទេ​ការតស៊ូ​ដែល​លះបង់​អាយុជីវិត ដើម្បី​ទឹកដី​នោះទេ​។ ដូច្នេះហើយ​ទើប​រាជរដ្ឋាភិបាល បាន​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ​នេះ​ឡើង ដើម្បី​រំលឹក​គុណ ហើយ​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ​នេះ ក៏​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍ ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលមក​កម្សាន្ត​ផងដែរ​»​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានឱ្យដឹងថា ស្តូប​វិមាន​នយោបាយ​ឈ្នះ ឈ្នះ​នេះ សាងសង់ឡើង ក្រោម​ការឧបត្ថម្ភ​ពី​សប្បុរសជន​នានា​៕​

អត្ថបទដែលជាប់ទាក់ទង