កាប់ប្លន់យកម៉ូតូ បានសម្រេច ក្នុងខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូមកយកមិត្តភក្តិ ត្រូវជនសង្ស័យមួយក្រុមមានគ្នា៣ទៅ៤នាក់ ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូឌ្រីមសង់ សេ ១២៥សេសេ ស៊េរី២០២០ បានសម្រេច គេចខ្លួនដោយសុវត្ថិភាព ។
ហេតុការណ៍បង្កភ្ញាក់ផ្អើលកាលពីម៉ោង០០នឹង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ មុខផែស្ងួតតេឡាយ ភូមិជង្រុក សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលរបួស ឈ្មោះ ឆួន សុខុម អាយុ ១៩ឆ្នាំ មុខរបរ ជាអ្នកចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈ ស្នាក់នៅភូមិផ្សារកំបូល សង្កាត់កំបូលខណ្ឌកំបូល។ ម្ចាស់ម៉ូតូឈ្មោះ សោម នីម អាយុ២០ឆ្នាំ មានមុខរបរ កម្មកររោងចក្រ ស្នាក់នៅ បន្ទប់ជួលក្បែរអ្នករបួស។
ប្រភពពីជនរងគ្រោះជាម្ចាស់ម៉ូតូ បានឱ្យដឹងថា មុនពេលកើតហេតុ សង្សាររបស់ខ្លួនបានជិះម៉ូតូ មកលេងបន្ទប់ជួលរបស់ខ្លួន ដែលនៅជិតផ្សារកំបូល រហូតដល់យប់ជ្រៅ ខ្លួនក៏ជូនសង្សារមកកន្លែងស្នាក់នៅ ក្បែរកន្លែងកើតហេតុវិញ ដោយជិះម៉ូតូនាងឌុបគ្នាមក។ ក្រោយជូនសង្សារដល់ផ្ទះ ខ្លួនមិនមានអីជិះត្រឡប់ទៅបន្ទប់ជួលវិញ ក៏ទូរស័ព្ទទៅប្រាប់ ជនរងគ្រោះជាមិត្តភក្តិខាងលើ ឲ្យជិះម៉ូតូរបស់ខ្លួន មកដឹកទៅត្រឡប់ទៅបន្ទប់ជួលនៅឯផ្សារកំបូលវិញ។ លុះដល់វេលាកើតហេតុ ជនរងគ្រោះជាមិត្តភក្តិ ក៏បានជិះម៉ូតូរបស់ខ្លួន ម៉ាក ហុងដាឌ្រីម ស៊េរី ២០២០ ពណ៌ខ្មៅ មិនចាំផ្លាកលេខ មកដឹកគាត់ ដែលកំពុងឈប់ចាំ នៅលើសួនច្បារពុះចែកទ្រូងផ្លូវ ពេលមកដល់មិនទាន់បានឡើងជិះម៉ូតូផងនោះ ក៏លេចមុខជនសង្ស័យមួយក្រុម មានគ្នាប្រមាណ ៤ទៅ ៥នាក់ ជិះម៉ូតូ២គ្រឿង មិនចាំម៉ាក ប្រដាប់ទៅដោយកាំបិតប៉័ងតោ ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូស៊េរី២០២០ បានសម្រេចគេចខ្លួនដោយសុវត្ថិភាព។
ក្នុងហេតុការណ៍នេះ បណ្តាលឲ្យយុវជនម្នាក់រងរបួសចំខ្នង និងកំប៉េះគូទជាច្រើនកាំបិតធ្ងន់ធ្ងរ ត្រូវបានរថយន្តរបស់មន្ទីរសម្រាក ព្យាបាល និងសម្ភព សែនជ័យ ដឹកយកជនរងគ្រោះភ្លាមៗ៕