លើកកម្ពស់និងអភិវឌ្ឍវិស័យសូត្រខ្មែរ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច
សៀមរាប ៖ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ដើម្បីលើកកម្ពស់និងអភិវឌ្ឍវិស័យសូត្រខ្មែរ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច គឺជាចំណុចចាប់ផ្ដើមដំបូងនៃភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈទៅលើអាជីវកម្មសូត្រ ឈានមុខក្នុងការបង្កើតគ្រោងការណ៍ កសិកម្មតាមកិច្ចសន្យា ដើម្បីផលិតសូត្រឆៅ សម្រាប់ប្រតិបត្តិការរបស់ពួកគាត់។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០អញ្ជើញ ជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និងក្រុមហ៊ុន ជីអេសឌី ភាច (GSD PHEACH CO., LTD) ស្តីពីអភិវឌ្ឍន៍ខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរ នៅភូមិប្រីយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ពិធីចុះហត្ថលេខានេះ រៀបចំឡើងក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅកន្លែងផលិតសូត្រ ដោយមានការចូលរួមពី ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ចាន់ សុខទី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច លោកស្រី អ៊ុំ សោភា នាយិកាប្រតិបត្តិក្រុមហ៊ុន GSP Pheach Co. ,LtD ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន ដៃគូរអភិវឌ្ឍន៍ ក្រុមកសិករផលិតសូត្រខ្មែរ ព្រមទាំងក្រុមការងារគម្រោងជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ដើម្បីធ្វើឱ្យវិស័យសូត្រខ្មែរមានភាពរស់រវើកឡើងវិញ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំយុទ្ធសាស្ត្រសូត្រជាតិ ២០១៦-២០២០ ក្នុងគោលបំណងធ្វើឱ្យការចិញ្ចឹមកូននាងស្រាវយកសូត្រ មានភាពទំនើបទាន់សម័យនិងប្រកបដោយចីរភាព។ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ខ្សែច្រវ៉ាក់តម្លៃសូត្រ ដើម្បីដោះស្រាយកង្វល់ជាអាទិភាព និងពង្រីកវិស័យសូត្រសម្រាប់សេដ្ឋកិច្ចជាតិ ដោយផ្អែកលើតម្រូវការផលិតផលសូត្រនៅក្នុងស្រុក និងទីផ្សារអន្ដរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីលើកកម្ពស់និងអភិវឌ្ឍវិស័យសូត្រខ្មែរ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច គឺជាចំណុចចាប់ផ្ដើមដំបូងនៃភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈទៅលើអាជីវកម្មសូត្រឈានមុខ ក្នុងការបង្កើតគ្រោងការណ៍កសិកម្មតាមកិច្ចសន្យា ដើម្បីផលិតសូត្រឆៅសម្រាប់ប្រតិបត្តិការរបស់ពួកគាត់។ ភាពជាដៃគូរវាងវិស័យឯកជន-សាធារណៈទាំងនេះ ក៏មានការរៀបចំការផ្គត់ផ្គង់សំបុកកូននាង ដែលមានគុណភាពល្អប្រសើរជាងមុន និងជំរុញការដាំដើមមនមានគុណភាពតាមរយៈការដាំដុះដោយឯកជន។ តាមរយ:សកម្មភាពទាំងនេះ គម្រោងរំពឹងថា កសិករនឹងមានការកើនឡើងនូវប្រាក់ចំណេញ ពីការផលិតសូត្រឆៅខ្នាតតូច និងផ្គត់ផ្គង់សូត្រឆៅសម្រាប់ត្បាញ និងរចនាជាផលិតផលសូត្រសម្រេច។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងទៀតថា គម្រោងសម្របសម្រួលវេទិកាពហុភាគីពាក់ព័ន្ធ ជាមួយតួអង្គខ្សែច្រវ៉ាក់តម្លៃសូត្រ ដើម្បីដោះស្រាយបញ្ហារាំងស្ទះក្នុងវិស័យនេះ ដូចជា បច្ចេកទេស ប្រព័ន្ធស្រោចស្រព ឥណទាន និងការធ្វើពិពិធកម្មទីផ្សារ។ ទន្ទឹមនឹងនេះ គម្រោងក៏បានចាប់ដៃគូជាមួយក្រុមហ៊ុន ជីអេសឌី ភាច (GSD PHEACH CO., LTD) នៅខេត្តសៀមរាប ដោយធ្វើការប្រមូលផ្តុំក្រុមកសិករផលិតដែលមានស្រាប់ និងចងក្រងបង្កើតក្រុមកសិករផលិតថ្មី ដែលផ្តោតសំខាន់លើផលិតផលសូត្រខ្មែរ ដើម្បីពង្រីក និងកែលម្អរផលិកម្មឱ្យស្របនឹងបទដ្ឋានសូត្រខ្មែរ ព្រមទាំងគាំទ្របច្ចេកទេសថ្មីៗ ក្នុងការពង្រីកផលិតភាពសូត្រដើម្បីឆ្លើយតបតម្រូវការទីផ្សារ។
ជាមួយគ្នានោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានផ្តល់នូវអនុសាសន៍ដល់ភាគីហត្ថលេខីទាំងពីរ ឱ្យធ្វើការសហការគ្នារួមចំណែកអភិវឌ្ឍវិស័យសូត្រខ្មែរយើង ឱ្យកាន់តែរីកចម្រើន ជួយបង្កើតការងារ កាត់បន្ថយការធ្វើចំណាក និងបង្កើនប្រាក់ចំណូលដល់បងប្អូនកសិករក្រុមផលិតសូត្រ ជាពិសេសបងប្អូនស្ត្រី និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងខ្សែ ច្រវ៉ាក់តម្លៃសូត្រខ្មែរជាមួយតួអង្គពាក់ព័ន្ធដទៃទៀត ព្រមទាំងបានសំណូមពរដល់ក្រុមហ៊ុនដែលរកទទួលទានលើវិស័យសូត្រខ្មែរទាំងអស់ សូមផ្តោតការយកចិត្តទុកដាក់លើគុណភាពផលិតផលរបស់ខ្លួន ព្រោះថាគុណភាពដើរតួនាទីសំខាន់ណាស់សម្រាប់ធ្វើការប្រកួតប្រជែងជាយុទ្ធសាស្ត្ររយៈពេលវែង។
សូមបញ្ជាក់ថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច គឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)។ គម្រោងដឹកនាំប្រតិបត្តិដោយក្រសួងពាណិជ្ជកម្ម និងមានគោលដៅលើកស្ទួយ វិបុលភាពកសិករខ្នាតតូចកម្ពុជា តាមរយៈបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ៕