ចាប់ខ្លួនជនដៃដល់ម្នាក់ យកគល់ឫស្សីវាយបុរសម្នាក់ រយះក្បាល
កណ្តាល៖ អធិការដ្ឋាននគរបាលស្រុកស្អាង បានឲ្យដឹថា ករណីហិង្សាដោយចេតនា សមត្ថកិច្ចចាប់ខ្លួនជនដៃដល់ម្នាក់ ដែលយកគល់ឫស្សីវាយបុរសម្នាក់ រយះក្បាល ។ កើតហេតុនៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៩និង៣០នាទី ស្ថិតនៅផ្ទះឈ្មោះឡុង ពេន ភូមិកោះខែល ឃុំកោះខែលស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះ ឈ្មោះឡុង ពេន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (មានរបួសក្បាល កូនដៃ និងធ្លាក់ស្មាខាងស្តាំ)
ជនសង្ស័យឈ្មោះ នី ណឺន ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន៖ គល់ឫស្សីចំនួន១មានប្រវែង១,៣ម៉ែត្រ។
សភាពរឿងហេតុ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទី ឈ្មោះ
ឡុង ពេន(ជនរងគ្រោះ)កំពង់តែមើលទូរទស្សន៍តែម្នាក់ឯងនៅក្នុងផ្ទះស្រាប់តែមានឈ្មោះនី ណឺន(ជនសង្ស័យ)បាន
ដើរបាញ់កណ្តុរហើយបានគប់ផ្ទះឈ្មោះឡុង ពេន ពេលនោះ ឈ្មោះឡុង ពេន បានសួរឈ្មោះនី ណឺន ថាអញធ្វើអីហ្អែងបានហ្អែងគប់ផ្ទះអញ។ ឈ្មោះនី ណឺន បានឆ្លើយថាហ្អែងខ្លាំងវ៉ៃហ្អែងចោលអាឡូវ ពេលនោះឈ្មោះឡុង ពេន ក៏បានជិះម៉ូតូមកប្រាប់បងប្អូននៅជិតនោះរួចហើយក៏បានជិះម៉ូតូមកផ្ទះខ្លួនវិញបន្ទាប់មកឈ្មោះនី ណឺន បានដើរត្រឡប់មកពីបាញ់កណ្តុរវិញមកដល់ផ្ទះឈ្មោះឡុង ពេន ស្រាប់តែឈ្មោះនី ណឺន បានយកគល់ឫស្សីមកវាយឈ្មោះឡុង ពេន បណ្ដាលឲ្យរបួស ក្បាលនិងដៃខាងស្តាំដាច់ក្រចកនិងស្មាខាងស្តាំហើ ពេលនោះឈ្មោះនី ណឺន ក៏បានគេចខ្លួនបាត់។ ក្រោយកើតហេតុឈ្មោះឡុង ពេន ត្រូវបានបងប្អូននិងក្រុមគ្រួសារដឹកយកទៅព្យាបាលរបួសនៅឯមន្ទីពេទ្យបង្អែកស្រុកស្អាង។
ពេលទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែលបានចុះដល់កន្លែងហេតុរួចបានហៅឈ្មោះនី ណឺន មកធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធី៕