ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន ពិនិត្យ​លទ្ធផល នៃ​ការស្ថាបនា​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ

158

 

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១ ខែមិថុនា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ពិនិត្យ​លទ្ធផល​ដំបូង នៃ​ការស្ថាបនា​ផ្លូវ​នៅក្នុង​ក្រុងព្រះសីហនុ ដែលជា​ផ្លូវ​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​ធ្វើឱ្យ​ក្រុងព្រះសីហនុ ក្លាយជា​ទីក្រុង​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ដ៏​ស៊ី​វិ​ល័យ​។​

​នៅ​ព្រឹក​មិញ​នេះ សម្តេច​តេ​ជោ​បានធ្វើ​ដំណើរ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង នៃ​ខេត្ត​ព្រះសីហនុ ឆ្ពោះ​មកកាន់​សមុទ្រ​រាម ដោយ​ឆ្លងកាត់​ឆ្នេរសមុទ្រ និង​ជ្រលង​ភ្នំ​ជាច្រើន​កន្លែង និង​បន្ត​មក​ឆ្នេរ​អូ​ត្រេស ឆ្នេរ​អូ​ឈើទាល ដែលជា​ផ្លូវ​ក្រវាត់ក្រុង​នៃ​ក្រុងព្រះសីហនុ និង​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ​ចំនួន​៣៤​ខ្សែ ដែល​ពេលនេះ​បានសម្រេច​ការសាងសង់​បាន​ប្រមាណ ៩០% ហើយ​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកាជាតិ​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក ដើម្បី​កសាង​ផ្លូវ​ចំនួន ៣៤​ខ្សែ នៅក្នុង​ខេត្ត​ព្រះសីហនុ ដែលជា​ផ្លូវ​ប្រកបដោយ​ព្រ​ណិ​ត​ភាព​ដំបូង​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ ផ្លូវ​ទាំង ៣៤​ខ្សែ​នេះ ត្រូវបាន​សម្តេច​តេ​ជោ អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​រាជរដ្ឋាភិបាល​បានកំណត់​ផែន​ក្នុង​ការរៀបចំ​ប្លង់គោល​ប្រើប្រាស់​ដីធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ ជាមួយ​ចក្ខុវិស័យ​ឆ្នាំ​២០៣០ គឺ​រៀបចំ​និង​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ជា​ប៉ូល​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​ទីក្រុង​ទំនើប ជាមួយ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដែល​នឹង​ទាក់ទាញ​ទេសចរ និង​ការវិនិយោគ​ថ្មីៗ​បន្ថែមទៀត​ពី​បរទេស និង​បំរើ​ដល់​ការរស់នៅ​ដ៏​ល្អប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ផងដែរ​។​

​សូមបញ្ជាក់​ជូន​សាធារណជន​ដែរ​ថា ផ្លូវ​ទាំង ៣៤​ខ្សែ មាន​ប្រវែង​ផ្លូវ​សរុប ៨២,១៤៥​គីឡូម៉ែត្រ នៅក្នុង​ក្រុងព្រះសីហនុ​។ ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ ចែកចេញជា ៣​ប្រភេទ​រួមមាន​៖

១៖ មហាវិថី​ចំនួន ៣​ខ្សែ​ប្រវែង​ជាង ២២​គីឡូម៉ែត្រ មាន​ទទឹង ៥០​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ២៥,៧៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត​៦​គន្លង (៣​ទៅ ៣​មក​) ផ្លូវ​ទោចក្រយានយន្ត​២​គន្លង រួមមាន​៖ មហាវិថី​រាម (​លេខ​៤៥), មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ (​លេខ​៤៧)​។​

២៖ វិថី​មាន​ចំនួន​១៦​ខ្សែ មាន​ប្រវែង​ជិត ៥០​គីឡូម៉ែត្រ មាន​ទទឹង ២០​ម៉ែត្រ ទៅ ៤០​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ១០,២៥​ម៉ែត្រ ទៅ ១៧,២៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត​២​គន្លង ទៅ​៤​គន្លង​, ផ្លូវ​ទោចក្រយានយន្ត​២​គន្លង​។ វិថី​ទាំង ១៦​ខ្សែ​នេះ​រួមមាន​៖ វិថី​លេខ ៨៣៧-១ វិថី​អូ​ត្រេះ​, វិថី​ឆ្នែ​រ​អូរ​ឈើទាល (​លេខ​៥០) វិថី​កោះ​ពូ​ឡូ​វៃ (​លេខ​៣០០), វិថី​ឯករាជ្យ (​លេខ​១០០), វិធី​២​ធ្នូ (​លេខ​៦០០), វិថី​លំហែ​ព្រះ​ភូមិន្ទ​, វិថី​ឆ្នេរ​អូរត្រេះ​, វិថី​គុជ​អាស៊ី (​លេខ​១២៣៧), វិថី​បុរី​កម្មករ (​លេខ​១១២), វិថី​ជោ​ត​ញ្ញាណ (​លេខ​៧០១), វិថី​២៨​មិថុនា (​លេខ​១២៣), វិថី​មិត្តភាព​កម្ពុជា​-​រុ​ស្ស៉ី (​លេខ​៧០៥) វិថី​ចំណោត​អូរ​ត្រាវ និង​វិថី​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ និង​វិថី​អូរ​ត្រជាក់ចិត្ត​។​

៣៖ អនុ​វិថី មាន​ចំនួន ១៥​ខ្សែ មាន​ប្រវែង​ជិត ១២​គីឡូម៉ែត្រ មាន​ទទឹងផ្លូវ​ពី ១៥​ម៉ែត្រ ទៅ​៤៥​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ១០,២៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត ២​គន្លង និង​ផ្លូវ​ទោចក្រយានយន្ត​២​គន្លង​។ អនុ​វិថី​ទាំង​១៥​ខ្សែ​នេះ រួមមាន​៖ ផ្លូវ​កាត់​ទទឹង​វិថី​អូរត្រេះ និង​វិថី​ឆ្នេរ​អូរត្រេះ​, ផ្លូវ​លេខ​៨០១, ផ្លូវ​លេខ​៥០១, ផ្លូវ​លេខ​៥០៣, ផ្លូវ​លេខ​៥០៥, ផ្លូវ​លេខ​៥០៧, ផ្លូវ​លេខ​១១៥, ផ្លូវ​លេខ​៦០២, ផ្លូវ​លេខ​៥០២, ផ្លូវ​លេខ​៨១០, ផ្លូវ​លេខ ៨១៨៨, ផ្លូវ​លេខ​១០២, ផ្លូវ​លេខ​៨០៦, ផ្លូវ​លេខ​១០៦ និង​ផ្លូវ​លេខ​១២៦ លើកលែងតែ​កំណាត់​ទី​៣ នៃ​ផ្លូវ​លេខ​៨០១ ប្រវែង ១០៣​ម៉ែត្រ ផ្លូវ​មាន​ទទឹង ១០​ម៉ែត្រ​៕

អត្ថបទដែលជាប់ទាក់ទង