មន្ត្រីថ្នាក់ក្រោមជាតិរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបន្តកិច្ចសហការណ៍ និងខិតខំប្រឹងប្រែង បំពេញភារកិច្ច ជូនជាតិ និងប្រជាពលរដ្ឋដោយស្មោះត្រង់
បាត់ដំបង៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានការណែនាំ និងក្រើនរំលឹកឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង ត្រូវបន្តកិច្ចសហការជាមួយអាជ្ញាធរខេត្ត អនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ និងខិតខំប្រឹងប្រែង បំពេញភារកិច្ច ជូនជាតិ និងប្រជាពលរដ្ឋដោយស្មោះត្រង់។
ការណែនាំ និងក្រើនរំលឹករបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយ
មន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តបាត់ដំបង កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាក.ប.ប ជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់គោលការណ៍ណែនាំលើការងារសំខាន់ៗមួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបាន។ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យ មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ដែលជាអង្គភាពរដ្ឋបាលតំណាងឱ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលតាមសកម្មភាពរបស់ក្រសួង។
បន្ថែមពីលើនោះត្រូវចុះត្រួតពិនិត្យគុណភាពទំនិញ និងសេវាកម្ម ឱ្យកាន់តែសកម្មថែមទៀត ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋអំឡុងពេលការរាត្បាតនៃជំងឺកូវីដ១៩នេះ និងត្រូវពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តថ្មីៗនានា ដែលទាក់ទងនឹងក្រសួងពាណិជ្ជកម្ម តួយ៉ាងដូចជាការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ដែលច្បាប់នេះទើបតែដាក់ឱ្យប្រើប្រាស់ ហើយអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មកំពុងរៀបចំនីតិវិធីសម្រាប់គ្រប់គ្រងការងារនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែនដី ចុះពង្រឹងការអនុវត្តបទប្បញ្ញត្តិនានា ទាក់ទងនឹងការលើកស្លាកយីហោភោជនីយដ្ឋាន ស្ថានីយប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារ កន្លែងកម្សាន្ត និងទីតាំងផ្សេងៗទៀតដែលមានលក្ខណៈមិនសមស្របតាមលក្ខណៈបចេ្ចកទេស។ល។ និងត្រូវសហការជាមួយអាជ្ញាធរខេត្ត អនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលអំពី ការកាត់មន្ត្រីថ្នាក់ស្រុក របស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទាំងអស់។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្ត ត្រូវចេះម្ចាស់ការដោយខ្លួនឯង កុំចាំតែក្រុមការងារពង្រឹងមន្ទីរថ្នាក់ជាតិចុះមកធ្វើ។ ជាពិសេសត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និងតម្លៃតាមស្ថានីយប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង៕