ចាប់ជនសង្ស័យម្នាក់ ធ្វើសកម្មភាពជិះម៉ូតូ ដើរហែកស្លាកគណបក្សកាន់អំណាច
ស្ទឹងត្រែង៖ អធិការដ្ឋាននគរបាលស្រុកសៀមប៉ាង នៅថ្ងៃទី២ខែមិថុនាឆ្នាំ២០២០នេះ បានចេញផ្សាយព័ត៌មានថា មានជនសង្ស័យម្នាក់បានធ្វើ សកម្មភាពជិះម៉ូតូដើរហែកស្លាកគណបក្សប្រជាជនកម្ពុជា នៅឃុំថ្មកែវ អស់ចំនួន ៤ ស្លាក និងឃុំ សេកុង ចំនួន២ស្លាក នៅក្នុងស្រុកសៀមប៉ាង កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០។
ក្រោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងតំណាងគណបក្សឃុំ កម្លាំងជំនាញអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលទាំងពីរបានចុះស្រាវ ជ្រាវរហូតឈានទៅដល់ការកំណត់មុខសញ្ញា និងបានពួនស្ទាក់ប្រម៉ាញ់រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ១នាក់ ឈ្មោះ រស់ ចាន់ពិសិទ្ធិ ភេទ ប្រុស អាយុ៣០ឆ្នាំ ជិះម៉ូតូអាល់ហ្វាពណ៌ក្រហមលាយខ្មៅ ស្លៀកខោខូវប៊យពណ៌ខៀវ ពាក់អាវយឺតពណ៌ស ដូចការរៀបរាប់ ដែលកំពុងដុតបំផ្លាញសម្ភារផ្សេងទៀត។ ជននេះមានទីលំនៅមិនពិតប្រាកដ និងកម្លាំងយើងបានឆែកឆេររកឃើញថ្នាំញៀន WY ពណ៌ទឹកក្រូចចំនួន ២៩គ្រាប់ នៅជាប់នឹងហោប៉ាវខោរបស់ជនសង្ស័យ ហើយជំនាញបានរៀបចំសំណុំបែបបទបញ្ជូនបន្ត មកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើ ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់ និងធ្លាប់បានកម្លាំងជំនាញអធិការរដ្ឋានចាប់បញ្ជូន និងធ្លាប់ជាប់គុក កាលពីប៉ុន្មានឆ្នាំមុនផងដែរ៕