រថយន្តពីរគ្រឿង បើកជែងគ្នា បុកអ្នកជិះម៉ូតូដាច់ជើងម្ខាងជាពីរកំណាត់
ស្ទឹងត្រែង៖ រថយន្តពីរគ្រឿងបើកជែងគ្នា បុកអ្នកជិះម៉ូតូរងរបួសធ្ងន់ពីរនាក់ ក្នុងនោះមានអ្នកគ្រូបង្រៀនសាលាមត្តេយ្យសិក្សាម្នាក់ ដាច់ជើងម្ខាងជាពីរកំណាត់។
ហេតុការណ៍ដ៏រន្ធត់នោះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតនៅខាងលិចស្ពានមេគង្គ ភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ នៅវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។
នគរបាលស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ថា
នៅមុនពេលកើតហេតុ មានរថយន្តពីរគ្រឿង បើកជែងគ្នាក្នុងទិសដៅពីជើងទៅត្បូង។ គាប់ជួនពេលរថយន្តពីរគ្រឿង បើកលឿនជែងគ្នានោះ ក៏ស្រាប់តែម៉ូតូមួយគ្រឿងទៀត បើកទិសដៅពីត្បូងទៅជើង ហើយត្រូវរថយន្តបុករងរបួសធ្ងន់ពីរនាក់។
រថយន្តដែលបុកអ្នកជិះម៉ូតូម៉ាកតូយ៉ូតា កាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខបាត់ដំបង 2B 6351 បើកបរដោយឈ្មោះប្រាក់ ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបរ រស់នៅភូមិព្រែកមហាទេព ឃុំស្វាយប៉ោ ក្រុង ខេត្តបាត់ដំបង។
ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខស្ទឹងត្រែង 1B 3364 បើកបរដោយឈ្មោះចាន់ សុភឹត ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរយោធា រស់នៅភូមិព្រែកហៅភូមិថ្មី សង្កាត់ក្រុងស្ទឹងត្រែង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ពីរនាក់ ក្នុងនោះអ្នករួមដំណើរឈ្មោះមែន សាមិត្ត ភេទស្រី អាយុ៥១ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបរម៉ូតូ ដាច់ជើងម្ខាងខាងស្តាំ។
របាយការណ៍បានបញ្ជាក់ថា អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពទាំងពីរនាក់។ ករណីនេះ
រថយន្តនេះបើកជែង។ រថយន្តមួយគ្រឿង បានគេចបាត់។ នៅសល់តែរថយន្តកាមរីបុកម៉ូតូ។ រថយន្តនិងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕