អភិបាលរដ្ឋមួយចំនួន បានប្រកាដាក់បម្រាមគោចរនៅរដ្ឋរបស់ខ្លួន ដើម្បីទប់ក្បួនបាតុកម្ម
ទោះបីជាអភិបាលរដ្ឋមួយចំនួន បានប្រកាដាក់បម្រាមគោចរនៅរដ្ឋរបស់ខ្លួនក៏ដោយ ក៏ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករ នៅតែបន្តធ្វើឡើងដដែល ដែលគិតត្រឹមថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ក្បួនបាតុកម្មបានរីករាលដាលទៅដល់ទីក្រុងប្រមាណ ៤០ទីក្រុង ក្នុងចំនួនជាង ៤០រដ្ឋនៅប្រទេសមហាអំណាចមួយនេះ។
ក្បួនបាតុកម្មនៅសហរដ្ឋអាមេរិក បានផ្ទុះឡើងចាប់តាំងពីថ្ងៃពុធ ទី២៧ ឧសភាកន្លងទៅ ក្រោយពីនគរបាលបានចាប់ខ្លួនលោក George Floyd ដែលជាជនជាតិអាមេរិកស្បែកខ្មៅ ទៅតាមការទូរស័ព្ទប្តឹងរបស់អ្នកលក់ ដែលថាជនជាតិអាមេរិកស្បែកខ្មៅរូបនេះ បានយកលុយ ២០ដុល្លារក្លែងក្លាយ ទៅចាយ ហើយនគរបាលបានយកជង្គង់សង្កត់ ក ជនរងគ្រោះរហូតដល់បាត់បង់ជីវិត។
ក្នុងរយៈពេលជិត ០១សប្តាហ៍កន្លងមកនេះ ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករ បានរីកធំឡើងជាលំដាប់ និងប្រែក្លាយទៅជាអំពើហិង្សា ដោយសារក្រុមបាតុករបានវាយបំបែកកញ្ចក់ហាងមួយចំនួន និងចូលទៅយកទំនិញគ្រប់ប្រភេទនៅក្នុងហាង៕